(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តសភាពាណិជ្ជកម្មកម្ពុជា និងបង់ក្លាដេស បង្កើតកម្មវិធី និងព្រឹត្តិការណ៍ជំនួបធុរកិច្ចកាន់តែច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសហគ្រិនស្ត្រីវ័យក្មេង និងសហគ្រាសធុនតូច និងមធ្យម។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាគណៈអធិបតីភាព ជាមួយលោកស្រី ស្ហេក ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដេស រួមជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងបង់ក្លាដេស សម្រាប់កិច្ចពិភាក្សាធុរកិច្ចកម្ពុជា-បង់ក្លាដេស ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូកេត្រា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ធ្វើការពង្រឹងកិច្ចសហការជាមួយបង់ក្លាដេស លើកម្មវិធីអភិវឌ្ឍន៍សមត្ថភាពពលករជំនាញ ដើម្បីលើកកម្ពស់ចង្វាក់តម្លៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ បន្ថែមពីលើនេះលោករដ្ឋមន្ត្រី ក៏បានស្នើដល់សហព័ន្ធស្រូវអង្ករកម្ពុជា ពង្រឹងកិច្ចសហការជាមួយបង់ក្លាដេស ដើម្បីវិនិយោគលើវិស័យកសិកម្ម និង នាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសបង់ក្លាដេស និងប្រទេសទីបី ដែលកម្ពុជាមានចំណែកទីផ្សារធំ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្តល់ដោយប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍នានា។

«ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្មទ្វេភាគីជាមួយបង់ក្លាដែស កម្ពុជាកំពុងពិចារណានាំចូលសំបកបាវបរិស្ថាន ១០០% របស់បង់ក្លាដេស សម្រាប់ស្តុកអង្កររបស់យើង និង ឱសថដែលមានការទទួលស្គាល់ទូទាំងពិភពលោក, សេរ៉ាមិច និងសំបកស្បែក និង ស្បែកកែច្នៃ ហើយយើងរំពឹងថាបង់ក្លាដេស នឹងពិចារណានាំចូលទំនិញកសិកម្មរបស់យើងដូចជា ពោត, ម្រេច, ដំឡូងមីស្ងួត, និងគ្រាប់ស្វាយចន្ទី បន្ថែមពីលើអង្ករ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ទន្ទឹមគ្នានេះ ដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើនពីបង់ក្លាដេស មកលើវិស័យអទិភាពមួយចំនួន ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ឆ្នាំ២០១៤-២០១៨ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនប្រតិភូបង់ក្លាដេស កាលានុវត្តភាព, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, បរិយាកាសធុរកិច្ច និងវិនិយោគ, គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារសំខាន់ៗរបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ដែរ រាជរដ្ឋាភិបាលកម្ពុជា និងបង់ក្លាដេស បានចុះអនុស្សរណៈយោគយល់គ្នាចំនួន ១១ ក្នុងនោះក៏មានកិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម។ តាមរយៈអនុស្សរណៈទាំងនេះ នឹងជួយបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕