(ភ្នំពេញ)៖ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីបង់ក្លាដេស បានជំរុញឲ្យអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅប្រទេសបង់ក្លាដេស ដើម្បីឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរឹងមាំខ្លាំងឡើងថែមទៀត។
ការលើកឡើងបែបនេះ ក្នុងឱកាសដែល លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានជួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញ បន្ទាប់ពីលោកស្រី បានជួបជាមួយក្រុមធុរជន ដោយរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។
លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្ដេច ហេង សំរិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនេះថា នាយករដ្ឋមន្រ្តីបង់ក្លាដេស បានជំរុញឲ្យអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅប្រទេសបង់ក្លាដេស។ នាយករដ្ឋមន្ត្រីបង់ក្លាដេស ក៏បានធ្វើការកោតសរសើរចំពោះប្រទេសកម្ពុជាផងដែរ ដែលក្នុងនោះប្រទេសកម្ពុជា មានការអភិវឌ្ឍច្រើន ជាងអ្វីដែលលោកស្រី បានធ្លាប់អញ្ជើញមក កាលពីឆ្នាំ២០១១កន្លងមក។
សូមបញ្ជាក់ថា លោកស្រី សេក្ខ ហាស៊ីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច៣ថ្ងៃ។ ទស្សនកិច្ចនេះ ធ្វើឡើងពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា៕