(ភ្នំពេញ)៖ របាយការណ៍ហិរញ្ញាវត្ថុ ប្រចាំត្រីមាសទី៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហាញថា ប្រាក់ចំណេញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកធ្លាក់ចុះ១៩ភាគរយ នៅត្រីមាសទី៣ ឆ្នាំ២០១៧។
បើតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលទើបចេញផ្សាយនៅពេលថ្មីៗនេះ បានបញ្ជាក់ថា នៅត្រីមាសទី៣ ឆ្នាំ២០១៧ ប្រាក់ចំណេញសុទ្ធ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានចំនួន៨,២២៩,៣៣៦,០០០រៀល (ប្រហាក់ប្រហែល ២លានដុល្លារ) ថយចុះចំនួន២,០០៥,៥៤០,០០០រៀល (ប្រមាណ៥០ម៉ឺនដុល្លារ) ស្មើនឹង១៩.៦ភាគរយបើធៀប រយៈពេលដូចគ្នាឆ្នាំ២០១៦។
របាយការណ៍ដដែលបានបន្ថែមទៀតថា នៅត្រីមាសទី៣ រដ្ឋាករទឹកក្រុងភ្នំពេញ ទទួលបានចំណូលសរុបចំនួន៥៣,៥៣៨,១០០,០០០រៀល (ជាង១៣លានដុល្លារ) ថយចុះ០.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន៥៣,៧២១,៥៣៩,០០០រៀល។
ចំពោះការធ្លាក់ចុះនៃប្រាក់ចំណេញនេះ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា បានបញ្ជាក់ថា ដោយសារកំណើននៃការចំណាយថ្លៃជួសជុលថែទាំបណ្ដាញ ថ្លៃចរន្ដអគ្គិសនី និងការចំណាយទៅលើប្រាក់បៀវត្ស និងកម្លាំងពលកម្ម ដែលមានកើនលើសពីត្រីមាសមុន។
បើតាមរបាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតបាន ជិត៥០លានម៉ែត្រគូប និងបានដាក់បណ្ដាញចែកចាយទឹកក្នុងរាជធានីភ្នំពេញបានជាង៥៦គីឡូម៉ែត្រ។ តបណ្ដាញទឹកស្អាតជូនពលរដ្ឋដែលមានចំណូលទាបដោយអនុវត្តន៍គោលការ ឧបត្ថម្ភធនធាន និងបង់រំលោះរបស់អង្គភាពបានចំនួន១២០គ្រួសារផងដែរ៕