(ភ្នំពេញ)៖ នៅវេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីបង់ក្លាដេស បានជួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញ បន្ទាប់ពីលោកស្រី បានជួបជាមួយក្រុមធុរជន ដោយរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។
លោកស្រី សេក្ខ ហាស៊ីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច៣ថ្ងៃ។ ទស្សនកិច្ចនេះ ធ្វើឡើងពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
នៅព្រឹកមិញនេះ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស បានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ហើយរដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន១១។ បន្ទាប់ពីបញ្ចប់ពិធីចុះហត្ថលេខាលើឯកសារ និងបញ្ចប់នូវសេចក្តីថ្លែងការណ៍រួមរួចមក លោកស្រី Sheikh Hasina ក៏បានចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ផងដែរ។
កម្មវិធីសម្រាប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧
* ម៉ោង ០៨៖៣០នាទីព្រឹក ៖ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងចូលជួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព ព្រមទាំងចុះហត្ថលេខាលើឯកសារមួយចំនួន
* ម៉ោង ១១៖០០នាទីព្រឹក ៖ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង
* ម៉ោង ០៣៖០០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី នឹងជួបសន្ទនាជាមួយ ក្រុមធុរជនមួយចំនួននៅកម្ពុជា ក្នុងសណ្ឋាគារសូហ្វីតែល
* ម៉ោង ០៣៖៥០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា
* ម៉ោង ០៤៖៣០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយត្រឡប់ទៅសណ្ឋាគារវិញ
* ម៉ោង ០៦៖៣០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី នឹងចូលរួមពិសារអាហារពេលល្ងាច ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃរួច លោកស្រីនាយករដ្ឋមន្រ្តី បង់ក្លាដេស នឹងអញ្ជើញចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ តែម្តង៕