(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិទ័ពបោះ និងភូមិត្រពាំងស្វាយ និងទទួលយកសំណើសំណូមពរ និងបញ្ហាផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ មកដោះស្រាយឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកអភិបាលក៏បានពិនិត្យអគារសា្នក់ការភូមិត្រពាំងស្វាយ ដែលបានជួសជុលរួច និងចាក់បេតុងទីធ្លាស្នាក់ការភូមិ ដែលជាការឧបត្ថម្ភរបស់លោកអភិបាលខណ្ឌផងដែរ សម្រាប់ទុកជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិត្រពាំងស្វាយ និងក្នុងសង្កាត់ព្រៃវែងទាំងមូល ប្រើប្រាស់ក្នុងពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំយកការនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនទាំងអស់ និងបានលើកឡើងអំពីការយកចិត្តទុកដាក់ របស់សម្តេចទាំងពីរ ដែលតែងគិតគូពីការលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន។

បងប្អូនប្រជាពលរដ្ឋភូមិទ័ពបោះ និងត្រពាំងស្វាយ បានធ្វើការថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរពីការ លំបាករបស់ពួកគាត់ និងបានដោះស្រាយជូនបានទាន់ពេលវេលា៕