(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានធ្វើបទបាឋកថាស្តីពីសាវតារ បុព្វហេតុ និងទស្សនវិស័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់យុវជនគណបក្សប្រជាជនកម្ពុជាជាង ១,០០០នាក់។

ការធ្វើបទបាឋកថានេះ ក៏មានការចូលរួមពីលោក តាក ស៊ុនអ៊ី ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក កែ ប៊ុនខៀង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល យុវជនជាសមាជិកគណបក្សប្រជាជនកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយស្តីពីសាវតារ បុព្វហេតុ និងទស្សនវិស័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជាជូនយុវជននេះ មានគោលបំណងដូចតទៅ៖

ទី១៖ បង្ហាញ និងបញ្ជ្រាបជូនយុវជនឱ្យបានយល់ស៊ីជម្រៅនូវអ្វីដែលជាសាវតារ បុព្វហេតុ និងទស្សនវិស័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ទី២៖ ពង្រឹងមូលដ្ឋានដ៏រឹងមាំបំផុតនៃការជឿជាក់ និងការគាំទ្រដ៏ពិតប្រាកដឥតងាករេរបស់យុវជនមកលើគណបក្ស។
ទី៣៖ បង្កើនសក្តានុពលភាពយុវជនរបស់គណបក្ស ក្នុងបុព្វហេតុបង្កើនជំនឿរបស់ពលរដ្ឋមកលើការដឹកនាំរបស់គណបក្សជានិរន្ត។

 

ក្នុងពេលជាមួយគ្នានោះដែរ លោក តាក ស៊ុនអ៊ីបានបន្ថែមថា៖ ដោយឈលើគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម» ក្នុងរយៈពេល៦៦ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជាសម្រេចបាននូវសមិទ្ធផលសំខាន់ៗ រួមមាន៖

១៖ ប្រឆាំងអាណានិគមនិយមបារាំង ដើម្បីរួមចំណែកក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ជាលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្ត ប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
២៖ ផ្តួលរំលំបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនកម្ពុជាត្រូវបានសម្លាប់ជាង៣លាននាក់។ ប្រល័យពូជសាសន៍នេះត្រូវបានផ្តួលរំលំនៅថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩។
៣៖ រក្សាបាននូវសន្តិភាព និងស្ថិរភាពពេញលេញ និងការពារមិនឱ្យបនប្រល័យពូជសាសន៍កើតឡើងវិញនៅប្រទេសកម្ពុជា។
៤៖ ការពាររដ្ឋធម្មនុញ្ញកម្ពុជា ឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា លទ្ធិប្រជាធិបតេយ្យ និងរបបសង្គមរាស្រ្តនិយម។
៥៖ ប្រយុទ្ធប្រឆាំងបដិវត្តពណ៌កុំឱ្យកើតមានឡើងនៅក្នុងប្រទេសកម្ពុជាគ្រប់រូបភាព។
៦៖ ស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការអនុវត្តតាមគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៦។
៧៖ ពង្រឹងការធ្វើកំណែទម្រង់អភិបាលកិច្ចស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ តាមរយៈការធ្វើកំណែទម្រង់គ្រប់វិស័យ រួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធជាដើម។
៨៖ លើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់ប្រទេសកម្ពុជាឡើងវិញ នៅលើឆាកអន្តរជាតិ ស្មើភាព ស្មើសិទ្ធ ក្នុងនាមជារដ្ឋអធិបតេយ្យភាព នៅក្នុងអង្គកាសហប្រជាជាតិ។

លោក កែ ប៊ុនខៀង បានបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍នៃសេចក្តីត្រូវការចង់ស្វែងយល់ និងស្វែងដឹង ក៏ដូចជាការចូលរួមរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចដំណើរការកសាង និងអភិវឌ្ឍសង្គមជាតិ តាមរយៈការស្វែងយល់ដឹងអំពីសាវតារ បុព្វហេតុ ទស្សនវិស័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយមានគោលដៅបង្ហាញជូនស្រទាប់យុវជនគណបក្ស អំពីចំណេះដឹង សីលតម្លៃ បញ្ហាប្រឈមនិងដំណោះស្រាយ ព្រមទាំងសមិទ្ធផលនៃការអភិវឌ្ឍប្រទេសជាតិ កើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងជាពិសេសការផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមករវាងយុវជន ក្នុងស្មារតីជាមហាគ្រួសារយុវជនកម្ពុជា ក្រោមដំបូលគណបក្សប្រជាជនកម្ពុជា។

តាមរយៈការរៀបចំកម្មវិធីបទបាឋកថានេះ យុវជនជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងជាង ១,០០០នាក់ខាងលើ បានយល់ជ្រួតជ្រាប ព្រមទាំងបានប្តេជ្ញាចិត្តស្មោះស្ម័គ្រ និងគាំទ្រមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងន័យនេះ យុវជនជាសមាជិកគណបក្សប្រជាជនកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសហការគ្នាយ៉ាងស្អិតល្មួត ក្នុងការងារបម្រើឧត្តមប្រយោជន៍យុវជន និងគណបក្សក្រោមស្មារតីតែមួយ «យុវជន ដើម្បីគណបក្ស និងគណបក្ស ដើម្បីយុវជន»៕