Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ដ្រីបង់ក្លាដេស បានប្រកាសផ្ដល់ទីជម្រកដល់ជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណ៧០ម៉ឺននាក់ មកពីប្រទេសមីយ៉ាន់ម៉ា និងចរចាដើម្បីឲ្យពួកគេបានត្រឡប់ទៅផ្ទះវិញ (Video inside)

04-12-2017 15:21

(ភ្នំពេញ)៖ ក្នុងសន្និសីទរួមគ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រីនាយករដ្ឋមន្ដ្រីបង់ក្លាដេស បានប្រកាសថា នឹងបន្ដផ្ដល់ជម្រកដល់ជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណ៧០ម៉ឺននាក់ ដែលបានរត់ភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា ដោយសារការបាញ់ប្រហារសម្លាប់យ៉ាងព្រៃផ្សៃ។

ក្រៅពីការផ្ដល់ជម្រកនោះ នាយករដ្ឋមន្ដ្រីបង់ក្លាដេស ថានឹងបន្ដចរចារដោយសន្ដិវិធីជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាងទាំងអស់នោះ ទៅផ្ទះសម្បែងរបស់ពួកគេវិញ។ បន្ថែមពីនេះ លោកស្រី ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយជ្រោមជ្រែងលើបញ្ហានេះ។

សន្និសីទបន្ទាប់​ពិធីចុះហត្ថលេខាលើ​​ឯកសារចំនួន១១ នាយករដ្ឋមន្ដ្រីបង់ក្លាដេស បានបញ្ជាក់យ៉ាងដូច្នេះថា «​យើងបានពិភាក្សាគ្នាអំពីវិបត្តិរ៉ូហ៊ីងយ៉ា ដែលបានកំពុងគំរាមកំហែងដល់ស្ថេរភាព និងសន្ដិភាពនៃតំបន់យើង, បង់ក្លាដេសនៅបន្ដផ្ដល់ជម្រកជនជាតិរ៉ូហ៊ីងយ៉ា ជាង១​លាននាក់ ដែលក្នុងចំណោមនោះជិត៧០ម៉ឺននាក់ នៃជនជាតិរ៉ូហ៊ីងយ៉ាដែលបានរត់ភៀសពីអំពើសម្លាប់យ៉ាងព្រៃផ្សៃនៅមីយ៉ាន់ម៉ា យើងកំពុងផ្ដល់ជំនួយនៅបង់ក្លាដេស»

​សូមជម្រាបថា នៅក្នុងឱកាសធ្វើសន្និសីទរួមគ្នា លោកស្រីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកស្រី និងសម្តេចតេជោ ប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរឈាន ទៅកម្រិតថ្មីមួយទៀត។ លោកស្រីបន្តថា កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ បានពិភាក្សាផ្តោតជាសំខាន់អំពីទំនាក់ទំនងទ្វេភាគី ក្នុងភាពកក់ក្តៅ និងស្និទ្ធស្នាល ជាពិសេសផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស។

​លោកស្រី សេក្ខ ហាស៊ីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច៣ថ្ងៃ ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

នៅព្រលានយន្តហោះនោះ លោកស្រី សេក្ខ ហាស៊ីណា ត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី រួមទាំងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាច្រើនទៀត។ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចរយៈពេលខ្លី លោកស្រី Sheikh Hasina ត្រូវអញ្ជើញទៅសម្រាកប្រមាណ២ម៉ោង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ មុននឹងបំពេញកិច្ច ក្នុងការបំពេញទស្សនកិច្ចនេះ នៅប្រទេសកម្ពុជា ជាបន្តបន្ទាប់ទៀត៕