(កំពង់ធំ)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសបញ្ចូលសមាជិកបក្សថ្មី ដែលជាអតីតសមាជិករបស់ គណបក្សសង្រ្គោះជាតិចំនួន២០៨នាក់ នៅទូទំាងខេត្តកំពង់ធំ ទំាងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកពេញសិទ្ធិ និងមប្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើង ក្រោមវត្តមានលោក លោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោក សុខ លូ បានសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកថ្មីដែលចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ក្លាយជាសាច់ឈាមតែមួយ ដោយសារតែសមាជិកទំាងអស់ មើលឃើញការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុះមុត របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើការងារបម្រើជាតិ និងប្រជាជនយ៉ាងពិតប្រាកដ របស់អាជ្ញាធរគ្រប់ថ្នាក់នៅមូលដ្ឋាន។
លោក សុខ លូ បានបន្តថា ការរំលាយគណបក្សសង្រ្គោះជាតិចោល ដោយតុលាការកំពូល មិនមែនមកពីអ្នកណានោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួនឯង ដែលមានគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ពាក្យសម្បថដែលបានស្បថ មុខព្រះមហាក្សត្រ មុខព្រះស្វេត្រឆ័ត្រ និងមុខព្រះភ័ក្រព្រះសង្ឃ ទាំងពីរគណៈ ដោយឃុបឃិតជាមួយបរទេស ចង់បង្កើតបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះស្របពេល គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តាំផ្ញើដល់បងប្អូនទំាងអស់ខិតខំធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋកើនឡើងទ្វេដង ត្រូវបន្តការសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាបំរើប្រជាពលរដ្ឋ សហការគ្នាធ្វើការងារក្នុងនាមជាតិខ្មែរតែមួយ មិនត្រូវប្រកាន់និន្នការនយោបាយអ្វីឡើយ ដើម្បីបន្តការគាំទ្រ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា «សមូហភាពដឹកនាំ តែបុគ្គលទទួលខុសត្រូវ មតិភាគតិច ត្រូវគោរពមតិភាគច្រើន សមាជិកម្នាក់ៗ ត្រូវគោរពអង្គការចាត់តំាង ថ្នាក់ក្រោមត្រូវគោរពថ្នាក់លើ»៕