(ភ្នំពេញ)៖ យោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានលើកឡើងថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ដែលកំពុងអភិវឌ្ឍន៍ ដែលស្ថិតក្នុងចំណោមប្រទេសទទួលជោគជ័យខ្លាំង នៅលើពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ និងក្នុងការកែលម្អស្តង់ដារជីវភាពរស់នៅ របស់ប្រជាជន ចាំបាច់ត្រូវប្តូរទិសដៅ ទៅរកគំរូកំណើនសេដ្ឋកិច្ចថ្មីមួយទៀត ប្រសិនបើគេប្រាថ្នាចង់សម្រេច ឲ្យបានកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ទៅថ្ងៃមុខ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា របាយការណ៍ដែលមានចំណងជើងថា «ផលចំណេញពីភាពចម្រុងចម្រើនបច្ចុប្បន្ន៖ អព្ភូតហេតុតំបន់អាស៊ីបូព៌ាសម្រាប់សតវត្សរ៍ទី២១» និយាយថា កំណើនមានលក្ខណៈបរិយាប័ន្ន គឺកំណើនដែលកាត់បន្ថយភាពក្រីក្រ ហើយបង្កលក្ខណៈឲ្យមានចល័តភាពឈានឡើង និងធានាឲ្យមានសន្តិសុខផ្នែកសេដ្ឋកិច្ច សម្រាប់ជនគ្រប់រូប នឹងតម្រូវឲ្យប្រទេសទាំងអស់ប្រឹងប្រែងឲ្យទៅហួសពីគំរូ «កំណើនមានវិសមធម៌»។
ទស្សនៈវិស័យសម្រាប់ចល័តភាពឈានឡើងត្រូវបានគេមើលឃើញថា ហាក់មានការកើនឡើងមិនទៀតទាត់ ដែលឆ្លុះបញ្ចាំងនូវអារម្មណ៍មួយថា ប្រាក់ចំណូលនិងទ្រព្យកាន់តែមាន លក្ខណៈប្រមូលផ្តុំ ហើយលទ្ធភាពទទួលបានសេវាជាមូលដ្ឋានបន្តនៅមានកម្រិត ហើយតែងតែមានគុណភាពអន់ទៀតផង។ ការសម្រេចឲ្យបានសន្តិសុខផ្នែកសេដ្ឋកិច្ច សម្រាប់ជន គ្រប់រូប ក៏កាន់តែលំបាកខ្លាំងឡើងដែរ ជាពិសេសសម្រាប់តំបន់មួយដែលកំពុងតែប្រឈមជាមួយនឹងបញ្ហាថ្មីៗច្រើន ក្នុងនោះមាន ជរាភាពកាន់តែលឿន ទស្សនៈវិស័យកំណើន កាន់តែមានភាពមិនប្រាកដប្រជា ហើយនិងការរីកដុះដាលរបស់ទីប្រជុំជនកាន់តែធំឡើងៗ។
វិសមភាព គឺកំពុងតែបង្កឲ្យមានក្តីបារម្មណ៍ដល់ប្រជាពលរដ្ឋនៅទូទាំងតំបន់នេះ។ ច្រើនជាង ៩០% នៃប្រជាជនក្នុងប្រទេសចិន និងជាងពាក់កណ្តាល នៃប្រជាជនក្នុងប្រទេសហ្វីលីពីន គិតថាភាពខុសគ្នា នៃចំណូលនៅក្នុងប្រទេសរបស់ពួកគេគឺធំធេងណាស់។ សម្រាប់ប្រទេសឥណ្ឌូនេស៊ី ជិត ៩០%នៃប្រជាជនរបស់ខ្លួនគិតថា វាពិតជាមានការបន្ទាន់មួយដើម្បី ដោះស្រាយ វិសមភាពនេះ នៅពេលដែលប្រជាជនក្នុងប្រទេសវៀតណាម ៨នាក់ក្នុងចំណោម ១០នាក់ បារម្មណ៍អំពីភាពខុសគ្នា នៃស្តង់ដារជីវភាពរស់នៅ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលមានខ្លឹមសារទាំងស្រុង៖