(ភ្នំពេញ)៖ លោក ជេត ភារម្យ អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះថា កសិដ្ឋានចិញ្ចឹមជ្រូក ទាំងលក្ខណៈគ្រួសារ និងលក្ខណៈឧស្សហកម្ម កំពុងតែប្រឈមមុខ នឹងការបិទទ្វារកសិដ្ឋាន និងជំពាក់បំណុលធនាគារ ដោយសារ ការនាំចូលជ្រូកដ៏ច្រើនពីប្រទេសជិតខាង និងតម្លៃជ្រូករស់ចុះថ្លៃ។
លោក ជេត ភារម្យ បានបន្ថែមថា បើនៅតែពុំមានវិធានការឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលានោះ ក្នុងការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ពីប្រទេសជិតខាង មកលក់ក្នុងប្រទេសកម្ពុជានោះទេ កសិដ្ឋានចិញ្ចឹមជ្រូក ជាច្រើននៅកម្ពុជា ទាំងលក្ខណៈគ្រួសារ និងលក្ខណៈឧស្សហកម្ម នឹងត្រូវបិទទ្វារជាបន្តបន្ទាប់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយស្តីពី «ការនាំចូលដោយអនាធិបតេយ្យ ពីប្រទេសជិតខាង និងផលប៉ះពាល់អ្នកចិញ្ចឹមជ្រូក ដោយសារតម្លៃជ្រូករស់ធ្លាក់ចុះ» នៅទីស្នាក់ការសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ លោក ជេត ភារម្យ បានធ្វើឡើងក្រោយពីសមាគមនេះ សង្កេតឃើញថា រយៈពេលជាង១ឆ្នាំមកហើយ ការនាំជ្រូកដោយអនាធិបតេយ្យ ពីប្រទេសជិតខាង ចូលមកកម្ពុជា មានសភាពគគ្រឹកគគ្រេង និងដោយពុំមានការត្រួតពិនិត្យឡើយ។ ប្រការនេះហើយ បានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់វិស័យចិញ្ចឹមជ្រូកនៅកម្ពុជា នាំឲ្យកសិដ្ឋានចិញ្ចឹមជ្រូកខ្លះ បានបិទកសិដ្ឋានជាបណ្តើរៗ។
លោក ប៊ុន ហៀង សមាជិកក្រុមប្រឹក្សាភិបាលសមាគម និងជាម្ចាស់កសិដ្ឋានមួយរូប បានចូលរួមស្នើយ៉ាងទទូច ទៅដល់ក្រសួង និងដៃគូពាក់ព័ន្ធ រួមមានក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច សូមចូលរួមទប់ស្កាត់ឲ្យខានតែបាន ក្នុងការនាំជ្រូកចូលពីប្រទេសជិតខាង ជាពិសេសចាត់វិធាននាំចូលនៅតែច្រកព្រំដែន។ បើការនាំចូលជ្រូកខុសច្បាប់ ពីប្រទេសជិតខាង នៅតែបន្តជារៀងរាល់ថ្ងៃបែបនេះ កសិដ្ឋានចិញ្ចឹមជ្រូក ទាំងលក្ខណៈគ្រួសារ និងលក្ខណៈឧស្សហកម្មច្បាស់ណាស់ នឹងត្រូវបិទទ្វារអស់គ្មានសល់ នៅទូទាំងប្រទេសកម្ពុជា ដោយសារតែខាតដើម និង ជំពាក់បំពុលធនាគារ។
តំណាងប្រជាពលរដ្ឋចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ ពួកគាត់ខាតដើមស្ទើរតែរាល់ថ្ងៃ ដោយសារតែការលក់ជ្រូក មានតែតម្លៃជាង៥ពាន់រៀលប៉ុណ្ណោះក្នុង១គីឡូ ដែលតម្លៃនេះ ធ្វើឲ្យពួកគាត់ខាតដើម ក្នុងជ្រូកមួយក្បាលរហូតដល់១០ម៉ឺន ទៅ១៥ម៉ឺនរៀល។ តំណាងប្រជាពលរដ្ឋរូបនេះ បានបន្ថែមថា នេះជាបញ្ហាប្រឈមខ្លាំងចំពោះពួកគាត់ បើនៅតែបែបនេះទៀត ពួកគាត់នឹងបិទមុខរបរខ្លួនឯងមិនខាន ហើយបើបិទការនាំចូលខុសច្បាប់ទេនោះ ពួកគាត់នឹងគ្មានលទ្ធផលក្នុងការសងបំណុលធនាគារឡើយ។
តំណាងប្រជាពលរដ្ឋចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ បានស្នើអំពាវនាវ ឲ្យប្រមុខដឹកនាំប្រទេសសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ឲ្យធ្វើយ៉ាងណាជួយទប់ស្កាត់ ការនាំចូលជ្រូកពីប្រទេសជិតខាងឲ្យបាន ដើម្បីតម្លៃលក់ជ្រូករស់ នៅទីផ្សារឡើងវិញ ក្នុងចន្លោះពី៨ពាន់រៀលក្នុង១គីឡូ ទើបពួកគាត់អាចរស់រាន មានជីវិតឡើងវិញ។
នេះមិនមែនជារឿងថ្មីនោះទេ កន្លងមកសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានផ្ញើលិខិតជាបន្តបន្ទាប់ទៅកាន់ក្រសួងកសិកម្ម, ជូនអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាដើម ដើម្បីជួបទប់ស្កាត់ការនាំចូលជ្រូក ពីប្រទេសជិតខាង ខណៈដែលសមាគមមួយនេះរកឃើញថា ជ្រូកដែលនាំចូលរាល់ថ្ងៃ លើសពីគោលការកំណត់របស់ក្រសួងកសិកម្ម ដោយកំណត់ត្រឹម១២៥០ក្បាលក្នុង១ថ្ងៃ។
យ៉ាងណាក៏ដោយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានដាក់ចេញនូវលក្ខខណ្ឌចំនួន ៦ចំណុច សម្រាប់ឲ្យក្រុមហ៊ុន និងអាជីវករ នាំចូលសត្វរស់ សាច់សត្វ រួមនិងផលិតផលសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា ដើម្បីទប់ស្កាត់លំហូរសត្វ និងសាច់សត្វពីក្រៅប្រទេស ដែលក្លាយជាប្រធានបទត្អូញត្អែ យ៉ាងខ្លាំង ពីក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុក។ លក្ខខណ្ឌទាំង ៦នោះរួមមាន៖
១៖ ជាក្រុមហ៊ុនស្របច្បាប់ ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់នៅមានសុពលភាព។
២៖ ត្រូវមានទីតាំងប្រមូលផ្តុំ សត្វនៅចំណុចដើមទី និងចំណុចចុងទី ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
៣៖ ត្រូវមានកិច្ចសន្យាផ្គត់ផ្គង់សត្វរស់ ឬ សាច់សត្វ ឬ ផលិតផលសត្វពីកសិដ្ឋាន ឬ ក្រុមហ៊ុនស្របច្បាប់ នៃប្រទេសនាំចេញ
៤៖ ត្រូវអនុវត្តតាមប្រកាស លេខ២២៧ ប្រក.កសក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីបែបបទ នៃការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើត ពីសត្វក្នុងស្រុក។
៥៖ ត្រូវចុះកិច្ចសន្យាសន្យាបច្ចេកទេសជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវធានាអនុវត្ត កិច្ចសន្យានេះ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។
៦៖ ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យប្រភពដើមនៃសត្វរស់ សាច់សត្វ និង ផលិតផលសត្វ។
បើទោះបីជាមានការកំណត់គោលការណ៍យ៉ាងនេះក្តី ក៏ឈ្មួញរកស៊ីនាំចូលជ្រូក នៅតែគឃ្លើន បំពានសេចក្តីសម្រេចនេះ ដោយនាំចូលជ្រូកលើសការកំណត់ មិនគិតពីសុខុមាលភាព របស់ប្រជាពលរដ្ឋ ហើយត្រូវបានសមាគមជ្រូក រកឃើញថែមទៀតផង។
គួរបញ្ជាក់ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបង្ហាញរបាយការណ៍ឲ្យដឹងថា ក្នុងមួយថ្ងៃៗ ការនាំចូលជ្រូកខុសច្បាប់ពីប្រទេសជិតខាងចូលមកចរាចរណ៍នៅកម្ពុជា ចន្លោះពី១៥០០ក្បាល ទៅ១៨០០ក្បាល និងលក់ ក្នុងតម្លៃថោកជាង កសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជា។ ខណៈការផ្គត់ផ្គង់តម្រូវការជ្រូកក្នុងស្រុក មានពី៦០០០ក្បាល ទៅ៧០០០ក្បាល៕