(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាងមួយម៉ោងនៅវិមានសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដែស បានបង្ហាញការប្តេជ្ញាចិត្តមុតមាំបន្ថែមទៀតក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យឆ្ពោះ ទៅរកកម្រិតថ្មីមួយទៀត។ ជាពិសេសនាយករដ្ឋមន្ត្រីនៃប្រទេសពីរ បានសន្យាប្រឹងប្រែងរួម គ្នានាំមកនូវប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
ពិធីទទួលដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែសនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅវិមានសន្តិភាព អមដោយសំឡេងត្រែទ័ពយ៉ាងកងរំពង ក្រោមការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីសម្តេចតេជោ ហ៊ុន សែន។ ក្នុងពិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្ត្រីទូតនានាដែលមានវត្តមាននៅកម្ពុជា។
បន្ទាប់ពីការអញ្ជើញត្រួតពល និងស្វាគមន៍ចំពោះមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាមន្ត្រីទូតនានានៅកម្ពុជាប្រកបដោយភាពកក់ក្តៅរួចហើយ សម្តេចតេជោ ហ៊ុន សែន និងលោកស្រី សេក្ខ ហាស៊ីណា ក្រោមទឹកមុខញញឹមញញែមបានបណ្តើគ្នាត្រសងទៅកាន់បន្ទប់ប្រជុំ ដើម្បីពិភាក្សាកិច្ចការសំខាន់ៗមួយចំនួនដើម្បីឈានទៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
ក្នុងសន្និសីទព័ត៌មានរួមគ្នាក្រោយកិច្ចប្រជុំជាង១ម៉ោង សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែសនៅកម្ពុជា គឺជាព្រឹត្តិការប្រវត្តិសាសន៍ថ្មីមួយទៀតសម្រាប់កម្ពុជា និងបង់ក្លាដេស ហើយក៏ជាជោគជ័យមួយទៀតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសប្រទេសទាំង។
បើតាមសម្តេចតេជោ ហ៊ុន សែន កិច្ចពិភាក្សានាព្រឹកមិញ បានពិភាក្សាផ្តោតជាសំខាន់អំពីទំនាក់ទំនងទ្វេភាគី ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល ជាពិសេសកិច្ចពិភាក្សាបានផ្តោតសំខាន់លើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានាព្រឹកមិញនេះគឺពោរពេញដោយលទ្ធផល ដែលជាផ្នែកដ៏សំខាន់សម្រាប់ការបន្តដំណើររួមគ្នា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍។
លោកស្រី ហាស៊ីណា បានបង្ហាញក្តីរីករាយចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា និងបានចាត់ទុកកម្ពុជា គឺជាមិត្តជិតខាងដ៏ជិតស្និទ្ធ ដែលមានទស្សនៈរួមគ្នាក្នុងការកសាងសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោក។ លោកស្រីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិឆ្ពោះទៅកម្រិតថ្មីមួយទៀត។
លោកស្រីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានសន្យាជួយបង់ក្លាដែសឲ្យក្លាយជាដៃពិភាក្សាតាមវិស័យជាមួយអាស៊ាន និងកិច្ចសន្ទនាមេគង្គ-គីងហ្គា របស់ប្រទេសឥណ្ឌា។
លោកស្រី ក៏បានរំលឹកផងដែរថា ប្រជាពលរដ្ឋកម្ពុជា និងបង់ក្លាដែស គឺធ្លាប់មានប្រវត្តិជូរចត់ដូចគ្នាក្នុងប្រវត្តិសាស្រ្ត គឺការឆ្លងកាត់របបសម្លាប់រង្គាល និងពិឃាតដ៏ឃោរឃៅ ទន្ទឹមនេះកម្ពុជា និងបង់ក្លាដែស មានការប្រើប្រាស់ភាសាបាលី ហើយការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ធ្វើឡើងក្នុងខែដូចគ្នាផងដែរ។ តាមរយៈប្រវត្តិសាស្រ្តជូរចត់ និងការមានប្រពៃណីមួយចំនួនដូចគ្នានេះ លោកស្រីសង្ឃឹមថា ទំនាក់ទំនងនៃប្រជាជនកម្ពុជា និងបង់ក្លាដែស កាន់តែល្អស្និទ្ធស្នាលជាមួយគ្នា។
ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាព និងជាការគោរពដល់វីរភាពរបស់ព្រះបីតាជាតិ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក បាន់ហ្គា បាន់ឌូ សេក្ខ មូជីបួរ រ៉ាម៉ាន់ ដែលជាស្ថាបនិក និងជាប្រធានាធិបតីទីមួយនៃប្រទេសបង់ក្លាដែសនោះ សម្តេចតេជោ ហ៊ុន សែន និងលោកស្រី សេក្ខ ហាស៊ីណា បានសម្រេចយកព្រះនាម និងឈ្មោះបីតាជាតិទាំងដាក់ឈ្មោះវីថីនៅក្នុងរាជធានីភ្នំពេញ និងទីក្រុងដាកា។
ក្នុងជំនួបនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និងលោក សេក្ខ ហាស៊ីណា ក៏បានពិភាក្សាពីបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះប្រទេសបង់ក្លាដែស ដែលទទួលដោះស្រាយបញ្ហាប្រឈមរបស់ជនជាតិរ៉ូហ៊ីងយ៉ានាពេល បច្ចុប្បន្ន បើទោះបីរដ្ឋាភិបាលប្រឈមបញ្ហាលំបាកយ៉ាងណាក្តី។
សម្តេចតេជោ ហ៊ុន សែន រំពឹងថា បង់ក្លាដែស និងមីយ៉ាន់ម៉ា នឹងមានកិច្ចចរចាដោយសន្តិវិធីមួយ ដើម្បីរកដំណោះស្រាយ និងអនុញ្ញាតឲ្យ ជនជាតិរ៉ូហ៉ីងយ៉ាង បានត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ។
បន្ទាប់ពីជំនួបពិភាក្សាសម្តេចតេជោ ហ៊ុន សែន និងលោកស្រី សេក្ខ ហាស៊ីណា ក៏បានអញ្ជើញរួមគ្នាធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ និងកិច្ចព្រមព្រៀងរហូតដល់ទៅ១១។ អនុស្សារណៈ និងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួមមាន៖
១៖ សេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីបង់ក្លាដេស។
២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការលើបញ្ហាពាក់ព័ន្ធក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរហូតដល់ឆ្នាំ២០៣០។
៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីម៉ូឌែលសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ។
៦៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្ថាប័នលើកិច្ចការពាក់ព័ន្ធនឹងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគបង់ក្លាដេស។
៧. អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍។
៨. អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យវារីវប្បកម្ម និង នេសាទ។
៩. អនុស្សារណៈយោគយល់គ្នាស្តីពីសហប្រតិបត្តិការក្នុងការអភិរក្ស ប្រវត្តិសាស្រ្តសង្រ្គាម បូជនីយស្ថានសង្គ្រាម និងកេរដំណែលសង្គ្រាម។
១០. អនុស្សារណស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិក្សាស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងយុទ្ធសាស្រ្តបង់ក្លាដែស។
១១. កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស។
សូមបញ្ជាក់ថា លោកស្រី សេក្ខ ហាស៊ីណា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះ។ ក្រោយមកដល់ប្រទេសកម្ពុជានៅថ្ងៃម្សិលមិញនេះ លោកស្រីបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធរបស់យុទ្ធជនខ្មែរនៅវិមានឯករាជ្យ និងអុជធូបគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅវិមានព្រះបរមរូប មុននឹងលោកស្រី អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ទួលស្លែង។
នៅថ្ងៃទី០៤ ខែធ្នូ នេះ ក្រៅជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោកស្រីនាយករដ្ឋមន្ត្រីនឹងអញ្ជើញបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង មុននឹងអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយធុរជនកម្ពុជា និងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។
នៅល្ងាចថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នឹងរៀបចំពិធីលាងសាយភោជន៍ទទួលលោកស្រី ហាស៊ីណា និងគណៈប្រតិភូរបស់លោកស្រីផងដែរ។ លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស នឹងបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ហើយហោះហើរត្រឡប់ទៅប្រទេសលោកស្រីវិញនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លា ដែសផងដែរកាលពីឆ្នាំ២០១៤កន្លងទៅ។ ក្នុងជំនួបនាព្រឹកមិញលោកស្រីនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញទៅបំពេញទស្សនកិច្ចជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលសំណើរនេះផងដែរ៕