(ភ្នំពេញ)៖ នៅវេលាម៉ោង ០៣៖០០នាទី រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងជួបសំណេះសំណាលជាមួយក្រុមធុរជនកម្ពុជា ដែលសម្របសម្រួលដោយ សភាពាណិជ្ជកម្ម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីពិភាក្សា ក៏ដូចជាទាក់ទាញ ការនិយោគទៅកាន់ប្រទេសរបស់លោកស្រី។
លោកស្រី សេក្ខ ហាស៊ីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច៣ថ្ងៃ។ ទស្សនកិច្ចនេះ ធ្វើឡើពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
នៅព្រលានយន្តហោះនោះ លោកស្រី សេក្ខ ហាស៊ីណា ត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី រួមទាំងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាច្រើនទៀត។ បន្ទាប់ពីនោះ លោកស្រី Sheikh Hasina បានទៅសម្រាកនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ មុននឹងបំពេញកិច្ច ក្នុងការបំពេញទស្សនកិច្ចនេះ នៅប្រទេសកម្ពុជា ជាបន្តបន្ទាប់ទៀត។
នៅព្រឹកមិញនេះ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស បានជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ហើយរដ្ឋាភិបាលប្រទេសកម្ពុជា-បង់ក្លាដេស ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន១១ផងដែរ។ បន្ទាប់ពីបញ្ចប់ពិធីចុះហត្ថលេខាលើឯកសារ និងបញ្ចប់នូវសេចក្តីថ្លែងការណ៍រួម លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស ក៏បានចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំងផងដែរ។
កម្មវិធីលម្អិតនៃទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីបង់ក្លាដេស រួមមានដូចតទៅ៖
កម្មវិធីសម្រាប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧
* ម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ៖ លោកស្រីមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយនឹងអញ្ជើញទៅសម្រាកនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោយទទួលបដិសណ្ឋារកិច្ចដោយមន្រ្តីកម្ពុជា
* ម៉ោង ៣៖៣០នាទីរសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី អញ្ជើញទៅបំពាក់កម្រងផ្កា នៅវិមានឯករាជ្យ
* ម៉ោង ៣៖៥០នាទីរសៀល៖ លោកស្រីអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ត ព្រះបរមរតនៈកោដ
* ម៉ោង ៤៖០០នាទីរសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី អញ្ជើញទៅទស្សនកិច្ចនៅសារៈមន្ទីរប្រវត្តិសាស្រ្តទួលស្លែង
* ម៉ោង ៤៖៥០នាទីរសៀល៖ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស ត្រឡប់ទៅដល់សណ្ឋាគារវិញ ហើយទទួលទានអាហារពេលល្ងាចជាមួយមន្រ្តីស្ថានទូតបង់ក្លាដេស នៅក្នុងសណ្ឋាគារតែម្តង។
កម្មវិធីសម្រាប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧
* ម៉ោង ០៨៖៣០នាទីព្រឹក ៖ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងចូលជួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព ព្រមទាំងចុះហត្ថលេខាលើឯកសារមួយចំនួន
* ម៉ោង ១១៖០០នាទីព្រឹក ៖ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង
* ម៉ោង ០៣៖០០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី នឹងជួបសន្ទនាជាមួយ ក្រុមធុរជនមួយចំនួននៅកម្ពុជា ក្នុងសណ្ឋាគារសូហ្វីតែល
* ម៉ោង ០៣៖៣០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា
* ម៉ោង ០៤៖៣០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយត្រឡប់ទៅសណ្ឋាគារវិញ
* ម៉ោង ០៦៖៣០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី នឹងចូលរួមពិសារអាហារពេលល្ងាច ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃរួច លោកស្រីនាយករដ្ឋមន្រ្តី បង់ក្លាដេស នឹងអញ្ជើញចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ តែម្តង៕