(ស្វាយរៀង)៖ ក្រុមការងារ នៃសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានកិច្ចសហការពីអាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្ត យុទ្ធនាការចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន រំពារ ស្ថិតក្នុងស្រុកស្វាយទាប ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រង សាលាសរុបជិត៥០០នាក់។
មន្ត្រីសាខាកាំកុងត្រូល ដែលចុះទៅផ្សព្វផ្សាយដល់សិស្សានុសិស្សក្នុងឱកាសនោះ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ឲ្យដឹងថា ការផ្សព្វផ្សាយនូវ ចំណេះដឹង ជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួល ខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។
មន្ត្រីសាខាកាំកុងត្រូល បានបន្តទៀតថា ទន្ទឹមនឹងនេះ ដោយមានកិច្ចសហការជាមួយមន្ទីរឧស្សាហកម្ម និងសិប្បកម្ម យើងបានបន្តតាមដាន លើសិប្បកម្មដែលផលិតសរសៃរ គុយទាវចំនួន៣ទីតាំង ដែលកន្លងមក គាត់បានប្រើប្រាស់ដោយលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ «បូរ៉ាក់»។
មន្ត្រីដដែល បន្ដថា ជាលទ្ធផលបង្ហាញថា ក្រោយពីមន្ទីរជំនាញ បានធ្វើកិច្ចការងារលើរឿងនេះ គាត់ទាំងអស់គ្នាបានយល់ព្រមធ្វើការកែប្រែ ដោយការផលិតឈប់ប្រើប្រាស់សារធាតុគីមី ហាមឃាត់ «បូរ៉ាក់» លាយបន្ថែមលើសរសៃរគុយទាវបន្តទៀត ដោយប្រើជំនួសវិញនូវម្សៅបន្ថែម ដែលមានការអនុញ្ញាត និងការណែនាំពីជំនាញ ទោះបីម្សៅលាយបន្ថែមក្រោយនេះ មានតម្លៃថ្លៃក៏ដោយ។
តែទោះជាយ៉ាងនេះក្តី ក្រុមការងារនៃសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅតែតាមដានអំពីដំណើរការវិវត្តលើបញ្ហានេះ ជាបន្តបន្ទាប់ទៀត ដើម្បីធ្វើការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា ក្នុងការលើកកម្ពស់សុខភាពរបស់ពលរដ្ឋ។ ចុងបញ្ចប់នៃកម្មវិធីនេះ ក៏មានការឆ្លើយនូវសំណួរពាក់ព័ន្ធទៅនឹងម្ហូបអាហារ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ៥០០ ផ្ទាំងផងដែរ៕