(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ បុរសជនជាតិរុស្ស៊ី២នាក់ ពាក់ព័ន្ធសកម្មភាពគាស់ទម្លាយទូ ATM របស់ធនាគារ ដើម្បីលួចដកប្រាក់ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ហើយករណីនេះ កំពុងស្ថិតក្រោមការសាកសួរពីតំណាងអយ្យការ មុនសំណុំរឿងនេះបញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី។
ជនសង្ស័យជនជាតិរុស្សីទាំង២នាក់នេះ ត្រូវនគរបាលខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីធ្វើសកម្មភាពគាស់ទម្លុះទូ ATM ធនាគារ ABA នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ២៤០ ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ ZAMETNYA ALEXANDER អាយុ៣១ឆ្នាំ មុខរបរទីលំនៅមិនប្រាកដ កាន់លិខិតឆ្លងដែនលេខ 724584016 ទី២.ឈ្មោះ TELENKOV IVAN អាយុ៣០ឆ្នាំ ជនជាតិរុស្ស៊ី មានទីលំនៅមិនពិតប្រាក គ្មានលិខិតឆ្លងដែន។
វត្ថុតាងដែលចាប់យកបានរួមមាន៖ ខ្សែអេឡិចត្រូនិចប្រើឌុយ USB មួយដាក់ថ្មអំពូលភ្លើង, កូនកាំបិតចុចមួយ, លិខិតឆ្លងដែនមួយលេខ 724584016, ម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រៃវែង1I-4505 សក់ពាក់ចំនួន១ដុំ និងទូរស័ព្ទដៃចំនួន៣គ្រឿង ម៉ាកអាយហ្វូន7 Plus ១គ្រឿង ពណ៌ខ្មៅ ម៉ាកNOKIA ចំនួន២គ្រឿង៕