(ភ្នំពេញ)​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានប្រកាស​រៀបចំ​ប្រកួតប្រជែង​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី ដែលមាន​លក្ខណៈ​ជា​ខ្មែរ ដើម្បី​រួមចំណែក​លើកស្ទួយ​វប្បធម៌ និង​ការ​តែង​និពន្ធ​បទ​ចម្រៀង និង​បទ​ភ្លេង និង​ជាពិសេសដើម្បី​កាត់បន្ថយ​ការចម្លង​ស្នាដៃ​បរទេស​,កម្មវិធី​នេះ នឹងចាប់ផ្ដើម​ទទួល​ពាក្យ​ពីថ្ងៃ​ទី១​ធ្នូ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨។

លោក ចំរើន វ៉ាន់​ថា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា ការប្រឡង​នេះ​ធ្វើឡើង​ក្នុង​បំណង​ លើកស្ទួយ​វប្បធម៌ និង​លើកកម្ពស់ ​វិស័យ​តែង​និពន្ធ​បទ​ចម្រៀង​ជាល​ខ្ខណៈ​ខ្មែរ ដែល​មិន​ចម្លង​ពី​បរទេស​។ ការប្រកួតប្រជែង​នេះ ក៏​ដើម្បី​អបអរទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២០ ផងដែរ​ ហើយសម្រាប់អ្នកដែល​ទទួលបាន​ជយលាភី នឹងត្រូវ​ឡើង​ទទួល​រង្វាន់​ នៅក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ លើក​ទី​២០ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

លោក ចំរើន វ៉ាន់​ថា បានបញ្ជាក់​បន្ថែម​ដូច្នេះ​៖ «​វិស័យ​តែង​និពន្ធ​បទ​ចម្រៀង​នេះ មាន​ឥទ្ធិពល​ខ្លាំងណាស់ វា​បាន​បង្កប់​តួនាទី​យ៉ាងជ្រៅ​ក្នុងសង្គម វា​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​ដែរ​។ ក្នុង​បរិបទ​នេះអ្នកនិពន្ធ​មាន​តួនាទី​សំខាន់​ណាស់ ដើម្បី​បញ្ជ្រាប​ពី​គុណធម៌ សីលធម៌ និង​ការបណ្ដុះ​ស្មារតី​ថែរក្សា​វប្បធម៌ ប្រពៃណី ព្រៃព្រឹក្សា​របស់​ខ្មែរ​។ សម្រាប់បទ​ភ្លេង និង​ទំនុកច្រៀង​របស់​បេក្ខជន ដែល​ទទួលបាន​ចំណាត់ថ្នាក់ក្រសួង​ នឹង​យកមក​ផលិត​ជា CD និង VCD ដោយ​រក្សា​សិទ្ធិ​សីលធម៌​ជូន​បេក្ខជន ប៉ុន្តែ​សិទ្ធិ​បេតិកភណ្ឌ​ជា​សិទ្ធិផ្តាច់មុខ​របស់​ក្រសួង​វប្បធម៌​។ នេះ​ជា​ឱកាសល្អសម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជនដែលមាន​ទេពកោសល្យ​លើ​ការ​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​នេះ​»

បេក្ខជន​ដែលមាន​បំណង​ចូលរួម​ប្រកួត ត្រូវបំពេញ​ពាក្យសុំ​ចូលរួម​ប្រកួត​ជាមុនសិន ដែល​ពាក្យសុំ​នេះ​អាច​ទាញយក​បាន​ពី​តំណ​ភ្ជាប់​នេះ KhmerCultureMinistry រួច​ផ្ញើ​មកកាន់​គណៈកម្មការ​រៀបចំ​ការប្រកួត តាមរយៈ​អ៉ីម៉ែ​ល [email protected] ឬ​ផ្ញើ​ទៅកាន់​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។ បន្ទាប់ពី​ពិនិត្យឃើញថា បេក្ខជនបាន​បំពេញបែបបទ​ត្រឹមត្រូវ​ហើយ​នោះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នឹង​ឆ្លើយតប​ទៅកាន់​បេក្ខជន​វិញ តាម​អ៉ីម៉ែ​ល ឬ​ប្រអប់​សារ​ដែល​បេក្ខជន​ផ្ញើមក​។

បេក្ខជន​ដែល​ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួត ត្រូវ​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង ដើម្បីទទួលបាន​គោលការណ៍​ណែ​នា​លម្អិតពី​លក្ខខណ្ឌ និង​នីតិវិធី​ក្នុងការ​ប្រកួត​។ បើតាម​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បេក្ខជន​អាច​និពន្ធ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម ដោយ​ត្រូវ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ចំនួន​២​បទ ដែលជា​ស្នាដៃ​និពន្ធ​ថ្មី និង​មាន​លក្ខណៈ​ជាតិ ហើយ​បេក្ខជនអាច​ជ្រើសរើស​ចង្វា​ក់ដោយ​សេរី លើកលែងតែ​ចង្វាក់​រ៉េ​ប​។

ចំពោះ​ខ្លឹមសារ​នៃ​ទំនុកច្រៀង ត្រូវ​បម្រើការ​អប់រំ​ស្មារតី​កូន​ខ្មែរឲ្យ​ចេះ​ស្រឡាញ់ ចេះ​អភិរក្ស​សម្បត្តិ​វប្បធម៌ ទឹកដី ព្រៃព្រឹក្សា ធម្មជាតិ និង​ភាពល្អប្រសើរនៃ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដែល​បង្កប់​នូវ​រូប​បារ​ម្មណ៍​ល្អ មាន​ភាព​ទាក់ទាញ មាន​ពាក្យពេចន៍​រំលេចរណ្តំ​ចិត្ត និង​ខ្លឹមសារ​ប្រកបដោយ​គុណធម៌ សច្ចភាព និង​ការអប់រំ​បម្រើ​សង្គម​។ បេក្ខជនត្រូវ​ថត​ទំនុកភ្លេង ​(​អ័គ​កា​ដង់​) និង​ទំនុកច្រៀង រួច​ផ្ញើ​មកកាន់​គណៈកម្មការ​រៀបចំ​ការប្រកួត តាមរយៈ​អាសយដ្ឋាន​អ៉ីម៉ែ​ល [email protected] ឬ​ផ្ញើ​ទៅកាន់​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/

ក្នុងករណី​បេក្ខជន ពុំមាន​លទ្ធភាព​ប្រើប្រាស់​តាម​ប្រពន្ធ​បច្ចេកវិទ្យា សូម​ទំនាក់ទំនង​ជាមួយ​មន្ទី​រ​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រប់​រាជធានី​/​ខេត្ត​។​ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរ​ស័ព្ទ៖ ០១៦ ២២២ ៩២០ និង ០១១ ៥៧៥ ៧៦៨៕