(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ទូ លីងស៊ីន ប្រធានគណៈកម្មការសភាប្រជាជនខណ្ឌស៊ីឆឹង មកកាន់ខណ្ឌដូនពេញ ដែលបានចង់សម្ព័ន្ធមេត្រីភាពគ្នាកន្លងមក នៅសណ្ឋាគារសុខាភ្នំពេញ ដោយភាពរាក់ទាក់បំផុត នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានេះ ភាគីទាំង២ បានរៀបចំពិធីប្រគល់ និងទទួលសម្ភារអនាម័យផងដែរ ព្រមទាំងសន្យាពង្រឹងកាន់តែខ្លាំង លើកិច្ចសហប្រតិបត្តិការ ក្នុងនាមជាសម្ព័ន្ធភាពជាមួយគ្នា។
ក្រោយពីការទទួលបដិសណ្ឋារកិច្ចអាហារពេលព្រឹករួចរាល់ នៅវេលាម៉ោង០៩ព្រឹក គណៈប្រតិភូខណ្ឌដូនពេញដឹកនាំដោយ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ បានបន្តទទួល ដំណើរគណៈប្រតិភូ អញ្ជើញទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងកំណើតនៃរាជធានីភ្នំពេញ។
បន្ទាប់ពីការទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំរួចមក នៅវេលាម៉ោង១០៖១៥នាទី គណៈប្រតិភូខណ្ឌដូនពេញដឹកនាំដោយលោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ បានបន្ត ទទួលដំណើរគណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ទស្សនាសារមន្ទីរជាតិ ដើម្បីស្វែងយល់អំពីវត្ថុបុរាណជាតិ ស្នាដៃខ្មែរ កេរ្តិ៍ដំណែលវប្បធម៌នានា នៅក្នុងសារមន្ទីរ។
នៅវេលាម៉ោង១០៖៥០នាទី គណៈប្រតិភូខណ្ឌដូនពេញ ដឹកនាំដោយ លោក ឈឹម ឌីណា បានបន្តទទួលដំណើរគណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង ទស្សនារដ្ឋាករស្វយ័ត្នផ្សារធំថ្មី និងបន្តដំណើរអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រមទាំងថតរូបអនុស្សាវរីយ៍។ បន្ទាប់មកទៀត គណៈប្រតិភូទាំងពីរ បានអញ្ជើញពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានម្លិះផងដែរ។
រហូតដល់វេលាម៉ោង១៥៖០០នាទី គណៈប្រតិភូខណ្ឌដូនពេញដឹកនាំដោយ លោក ឈឹម ឌីណា បានបន្តទទួលដំណើរគណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន ចូលទស្សនាព្រះបរមរាជវាំង ក្រោយពីទស្សនារួច គណៈប្រតិភូខណ្ឌស៊ីឆឹង បានអញ្ជើញទៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីត្រៀមចូលរួមពិធី នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះបន្តទៀត៕