(ភ្នំពេញ)៖ បន្ទាប់ពីពិធីចុះហត្ថលេខាលើឯកសារចំនួន១១ ក្រោយជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នៅវិមានសន្តិភាព។ មេដឹកនាំទាំងពីរបានធ្វើសន្និសិទកាសែតរួមគ្នានៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ដែលមានខ្លឹមសារសំខាន់ៗ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកិច្ចពិភាក្សានាព្រឹកមិញនេះពោរពេញដោយលទ្ធផល ដែលជាផ្នែកដ៏សំខាន់សម្រាប់ការបន្តដំណើររួមគ្នា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍។ សម្តេចបន្តថា ក្នុងកិច្ចពិភាក្សានេះ បង់ក្លាដែស សំណូមពរភ្លាមៗរបស់បង់ក្លាដែស ក្លាយជាដៃគូតាមវិស័យជាមួយអាស៊ាន ហើយកម្ពុជានឹងប្រឹងប្រែងដើម្បីសម្រេចកិច្ចការនេះ។
* សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា កម្ពុជា នឹងប្រឹងប្រែងជួយឲ្យបង់ក្លាដែសក្លាយជាដៃគូពិភាក្សាជាមួយប្រទេសឥណ្ឌា។
សម្តេចតេជោ បានថ្លែងរំពឹងថា បង់ក្លាដែស និងមីយ៉ាន់ម៉ា នឹងរកឃើញរូបមន្តមួយ ដើម្បីឲ្យប្រជាជនអាចធ្វើមាតុភូមិនីវត្តន៍។
* សម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស ក្នុងការបំពេញទស្សនកិច្ចនៅបង់ក្លាដែសជាថ្មីម្តងទៀត។
* លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស បានសម្តែងក្តីសប្បាយរីករាយចំពោះការបានមកទស្សនកិច្ចនៅកម្ពុជា ទឹកដីអរិយធម៌ដ៏ចំណាស់នៃចក្រភពអង្គរ។
* លោកស្រីនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា គឺជាមិត្តជិតខាងដ៏ជិតស្និទ្ធ ហើយមានទស្សនៈរួមគ្នាកសាងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក។
* លោកស្រីបន្តថា ប្រជាជននៃប្រទេសពីរមានភាពឈឺចាប់ស្រដៀងគ្នានៃអំពើប្រល័យពូជសាសន៍ និងសម្លាប់រង្គាល។ ក្រៅពីនោះក៏មានការប្រើប្រាស់ភាសាបាលី និងមានការចូលឆ្នាំថ្មីដូចគ្នា។
* លោកស្រី បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រី នឹងដាក់ព្រះនាម ព្រះបរមរតនកោដ្ឋ នៅលើវិថីដ៏ល្បីមួយនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។
* លោកស្រីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកស្រី និងសម្តេចតេជោ ប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឈានទៅកម្រិតថ្មីមួយទៀត។ លោកស្រីបន្តថា កិច្ចពិភាក្សានាព្រឹកនេះ បានពិភាក្សាផ្តោតជាសំខាន់អំពីទំនាក់ទំនងទ្វេភាគី ក្នុងភាពកក់ក្តៅ និងស្និទ្ធស្នាល ជាពិសេសផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស។
* លោកស្រី សេក្ខ ហាស៊ីណា បានបញ្ជាក់ថា ប្រទេសទាំងពីរនឹងបើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១ នៅទីក្រុងដាកា ប្រទេសបង់ក្លាដែសនៅឆ្នាំក្រោយ។
* លោកស្រីនាយករដ្ឋមន្ត្រី ក៏អរគុណផងដែរ ចំពោះការធានា និងការគាំទ្ររបស់សម្តេចតេជោ ដល់កិច្ចពិភាក្សាតាមវិស័យជាមួយអាស៊ាន និងកិច្ចសន្ទនាមេគង្គ-គីងហ្គា។
* លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស បានប្រកាសប្តេជ្ញាផ្តល់ទីជម្រកដល់ជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណ ៧០ម៉ឺននាក់មកពីប្រទេសមីយ៉ាន់ម៉ា ហើយនឹងបន្តចរចាជាមួយ មីយ៉ាន់ម៉ា ដើម្បីឲ្យពួកគេបានត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ។ លោកស្រី ក៏បានអរគុណសម្តេចតេជោ ដែលបានជួយជ្រោមជ្រែងលើបញ្ហានេះ។
* សេចក្តីថ្លែងការណ៍រួមរបស់សម្តេចតេជោ ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្រ្តី បង់ក្លាដែស ត្រូវបានបញ្ចប់នៅវេលាម៉ោង១០៖៤៧នាទី៕