(ភ្នំពេញ)៖ ពិធីចុះហត្ថលេខា លើឯកសារចំនួន១១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសនៅវិមានសន្តិភាព បានចាប់ផ្តើមហើយ នាវេលាម៉ោង១០៖១៥នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីរបស់នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ។

ឯកសារចំនួន១១នោះរួមមាន៖

១៖ សេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីបង់ក្លាដេស។ ចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។

២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការលើបញ្ហាពាក់ព័ន្ធក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរហូតដល់ឆ្នាំ២០៣០។ ចុះហត្ថេលខាដោយ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ និង លោក Md. Abul Kalam Azad នាយកសម្របសម្រួលកិច្ចការគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីបង់ក្លាដេស។

៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ លោក លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។

៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក Rashed Khan Menon MP រដ្ឋមន្រ្តីក្រសួងអាកាសចរណ៍ស៊ីវិល និងទេសចរណ៍បង់ក្លាដេស។

៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីម៉ូឌែលសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ។ ចុះហត្ថលេខាដោយ លោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។

៦៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្ថាប័នលើកិច្ចការពាក់ព័ន្ធនឹងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគបង់ក្លាដេស។ ចុះហត្ថលេខាដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូមិអមនាយករដ្មឋន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និង​លោក Kazl M. Aminul Islam ប្រធានប្រតិបត្តិការអាជ្ញាធរអភិវឌ្ឍវិនិយោគបង់ក្លាដេស។

៧៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ចុះហត្ថលេខាដោយលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយលោក Zunaid Ahmed Palak អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានបង់ក្លាដែស។

៨៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យវារីវប្បកម្ម និងនេសាទ។ ចុះហត្ថលេខាដោយលោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយលោក M.d Maksudul Hasan Khan អគ្គលេខាធិការក្រសួងនេសាទ និងបសុសត្វបង់ក្លាដែស។

៩៖ អនុស្សារណៈយោគយល់គ្នាស្តីពីសហប្រតិបត្តិការក្នុងការអភិរក្ស ប្រវត្តិសាស្រ្តសង្រ្គាម បូជនីយស្ថានសង្គ្រាម និងកេរដំណែលសង្គ្រាម។ ចុះហត្ថលេខាដោយលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយលោក Aparup Chowdhury អគ្គលេខាធិការក្រសួងកិច្ចការសង្គ្រាមរំដោះជាតិបង់ក្លាដែស។

១០៖ អនុស្សារណស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិក្សាស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងយុទ្ធសាស្រ្តបង់ក្លាដែស។ ចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយលោក Md. Shahidul Haque អគ្គលេខាធិការក្រសួងការបរទេសបង់ក្លាដែស។

១១៖ កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស។ ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក Md. Shafiul Islam ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស៕