(ព្រះវិហារ)៖ ក្នុងទិសដៅលើកកំពស់ជីវភាពរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជនកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលការណ៍សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធានសមាគម ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ តែងតែចុះជាប្រចាំគ្រប់ភូមិឃុំ ស្រុកក្នុងខេត្ត ក្នុងគោលបំណងស្រាវជ្រាវរកបងប្អូនអតីតយុទ្ធជនដើម្បី ជួយទំនុកបំរុងគាត់ លើកកំពស់ជីវភាពរស់នៅដល់គាត់ ក្នុងគោលបំណងដឹងគុណចំពោះវីរៈភាពអង់អាចក្លាហាន ដែលគាត់បានលះបង់សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។
លោកឧត្តមសេនីយ៍ត្រី ចន្ទ័ សុភក្ត្រ័ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះថា ថ្ងៃនេះលោកបានដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ស្រុក កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងផ្នែកសឹករងត្បែង យុវជនស្រុក អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋសរុប៧៨នាក់ បានចុះជួយសលើកផ្ទះអតីតយុទ្ធជនមួយគ្រួសារឈ្មោះ ប្រាក់ សៅ អាយុ៤៩ឆ្នាំ ជាជនពិការ មានប្រពន្ធឈ្មោះ ង៉ុយ សំណាង អាយុ៤២ឆ្នាំ រស់នៅភូមិសដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលផ្ទះមានទំហ៊ំ៦មគុណ៧ម សាងសង់អំពីឈើប្រក់សង្ក័សី ចំណាយអស់ថវិកា ៨៥៥០០០០រៀល។
លោក ចន្ទ័ សុភក្ត្រ័ា បានបន្តថា ដោយអនុវត្តន៍តាមការណែនាំរបស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីយុទ្ធជនកម្ពុជា ក៏ដូចជាលោក អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ស្រុក ក្រុងតែងបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការស់នៅរបស់បងប្អូនគ្រួសារអតីតយុទ្ធជនគ្រប់ក្រុមគ្រួសារ ក្នុងនោះក្រៅពីការចុះជួយធ្វើការងារជួយឧបត្ថម្ភសម្ភារថវិកា ដល់គ្រួសារដែលជួបប្រទះនូវការខ្វះខាត គឺយើងបានសាងសង់ផ្ទះជូនពួកគាត់ទៀតផង។
លោក ចន្ទ័ សុភក្ត្រ័ា បានបញ្ជាក់ថា ទិសដៅរបស់សមាគមអតីតយុទ្ធជនកម្ពុជា មិនបោះបង់គ្រួសារអតីតយុទ្ធជនណាមួយឡើយ ហើយក៏មិនទុកឲ្យគ្រួសារអតីតយុទ្ធជនណាមួយរស់នៅ ឯកកោនោះទេ គឺតែងគិតគូរជានិច្ច ជួយគាត់គ្រប់ពេលវេលា គ្រប់កាលះទេសះទាំងអស់ ក្នុងន័យតបស្នងសងគុណចំពោះការលះបង់របស់ពួកគាត់ចំពោះប្រទេសជាតិ និងប្រជាជន៕