(ភ្នំពេញ)៖ ខណៈប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីអង្គរដ៏សក្តិសិទ្ធអតីតរាជធានីដ៏រុងរឿងរបស់ចក្រភពខ្មែរ ក្រុមជនក្បត់ជាតិដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី បាន ព្យាយាមក្នុងការបំផ្លាញសេចក្តីសុខដែលជាតិ និងប្រជាជនមានតាមរយៈការអំពាវនាវឱ្យមានការងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល និងផ្លាស់ប្តូរេបប និងមេដឹកនាំស្រប ច្បាប់តាមទម្រង់នៃបដិវត្តន៍ពណ៌ដែលធ្លាប់បានធ្វើនៅប្រទេសមួយចំនួនដូចជានៅរ៉ូម៉ានី ទុយណេស៊ី អេហ្ស៊ីបនិងហ្សាំបាវ៉េជាដើម។
ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន និងបក្ខពួកក្បត់ជាតិមួយក្តាប់តូច សម រង្ស៊ី នឹងមិនមានភាពអៀនខ្មាសក្នុងការបញ្ចេញ ផែនការដ៏ទុច្ចរិតកៀងគរអន្តរជាតិដើម្បីដាក់សម្ពាធមកលើកម្ពុជា និងអនុវត្តនូវគោល នយោបាយដ៏ស្មោគគ្រោករបស់ខ្លួនដោយស្នើឱ្យបរទេសកាត់ជំនួយមកកម្ពុជា កុំវិនិយោ គនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ អ្វីដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួកខ្លួនបាននិង កំពុងធ្វើគឺជាការបំផ្លាញជាតិ និងវាយបំបែកឆ្នាំងបាយរបស់ប្រជាជនកម្ពុជាយ៉ាងជាក់ ច្បាស់។ មួយថ្ងៃៗ ទណ្ឌិត សម រង្ស៊ី និងគូកនក្បត់ជាតិរបស់ខ្លួនព្យាយាមបំផ្លាញកម្ពុជា តាមគ្រប់រូបភាពទាំងអស់ទាំងបាតុកម្ម និងការដើរញុះញង់ព្រមទាំងដើរសម្អុយកេរ្តិ៍ឈ្មោះខ្មែរថែមទៀតផង។
ដោយសារតែសន្តានក្បត់ជាតិ និងបំផ្លាញនូវសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ ឃុបឃិតជាមួយបរទេសនេះហើយបានជា បក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល សម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងហាមឃាត់សមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកចំនួន ១១៨ រូបមិនឱ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ បក្ស នេះត្រូវបានរំលាយ ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេដ្ឋកិច្ចទីផ្សារនៅ តែដំណើរការជាធម្មតា។
លើសពីនេះប្រជាជនកម្ពុជាបាននិងកំពុង រីករាយនឹងសន្តិភាព និងការអភិវឌ្ឍ រីករាយនឹងកំណើនសេដ្ឋកិច្ចប្រមាណ ៧%ក្នុងមួយឆ្នាំនិងក៏រីករាយដែលគ្មានមារសត្រូវ មករំខាននៅក្នុងដំណើរកសាងជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ខ្លួន។ ពលរដ្ឋខ្មែរជាអ្នក ជ្រោងទង់ជាតិខ្មែរការពារជាតិនិងរាជរដ្ឋាភិបាលស្របច្បាប់ប្រឆាំង នឹងការជ្រៀតជ្រែក របស់បរទេសក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា នៅតែបន្តការពារសមិទ្ធផល ជាតិ សន្តិភាពដែល រកបានដោយពិបាកនេះ។ ការបួងសួងសុំសេចក្តីសុខសម្រាប់ព្រះ រាជាណាចក្រកម្ពុជាគឺដើម្បីសម្តែងនូវគារវៈភក្តីគោរពដឹងគុណ និងធ្វើបដិការកិច្ច ចំពោះបុព្វបុរសខ្មែរទាំងអស់ ហើយសូមឱ្យជួយព្រះរាជាណាចក្រកម្ពុជា ជួបតែសុខសន្តិ ភាព និងមានការអភិវឌ្ឍទៅមុខតរៀងទៅ និងម្យ៉ាងទៀតដើម្បីឱ្យឧបទ្រុឌចង្រៃ និងក្រុមជនក្បត់ជាតិ និងបរិវារដែលប៉ងបំផ្លាញសន្តិភាពកម្ពុជា សូមឱ្យវិនាសខ្ចាត់ខ្ចាយពីប្រទេស កម្ពុជាទៅរហូត និងអ្នកដែលចង់បំផ្លាញខ្មែរសូមឱ្យបរាជ័យយ៉ាងអាម៉ាសបំផុត។
ទឹកដីកម្ពុជាដ៏អច្ឆរិយៈនេះពិតជាបានផ្តល់សេចក្តីសុខ និងជាជ្រកដ៏សុខក្សេមក្សាន្តសម្រាប់ពលរដ្ឋកម្ពុជារៀបជំនាន់មកហើយ។ ប៉ុន្តែសម្រាប់ជនដែលមានបំណងអាក្រក់ ឬក្រុមជនក្បត់ជាតិមិនអាចរស់នៅលើទឹកដីដ៏សក្តិសិទ្ធនេះបានឡើយ។ ពួកគេមិនអាចនៅសុខបានឡើយ និងតែងតែនិររាសព្រាត់ប្រាសចាកឆ្ងាយពីកម្ពុជា និងស្លាប់ចោលឆ្អឹង នៅក្រៅប្រទេស។ អតីតកាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់រួចហើយគឺសេនាប្រមុខ លន់ នល់ និងគូកនរបស់ខ្លួនដែលបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ និងទាញកម្ពុជាស្ថិតក្រោមនឹមរបស់អាមេរិក បំផ្លាញកម្ពុជាបង្កវិនាសកម្ម និងអំពើប្រ ល័យពូជសាសន៍នៅកម្ពុជា។ លន់ នល់ បានស្លាប់ចោលឆ្អឹងរបស់ខ្លួននៅលើទឹកដីនៃអ្នកដែលខ្លួនជឿទុកចិត្តបំផុត។
បច្ចុប្បន្ននេះក្រុមជនក្បត់ជាតិនៃអតីតបក្សសង្គ្រោះជាតិដែលបានប៉ុនប៉ងបំផ្លាញ សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា តាមទម្រង់បដិវត្តន៍ពណ៌កំពុងតែរស់នៅនិរទេសខ្លួន គេចពីសំណាញ់ច្បាប់ចំពោះទង្វើឃុបឃិតជាមួយបរទេស និងក្បត់ជាតិនិងប្រជាជនរបស់ខ្លួន។
តើពួកគេអាចនឹងជួបវាសនាដូចអតីតសេនាប្រមុខ លន់ នល់ ដែរឬទេ? ពិតណាស់! វាសនា និងខ្សែជីវិតរបស់ពួកគេនឹងមិនអាចជៀសផុត ពីខ្សែជីវិតរបស់ លន់ នល់ នោះទេ ប្រសិនបើពួកគេបន្តអនុវត្តផែនការទុច្ចរិតនិងដើរ បំផ្លាញជាតិខ្មែរតាមគ្រប់រូបភាពដូចសព្វថ្ងៃនេះ។ ពួកគេនឹងមិនអាចវិលចូលប្រទេស កម្ពុជាបានឡើយ។
នៅពេលនេះពលរដ្ឋកម្ពុជាបានដឹងយ៉ាងច្បាស់ថា តើនរណាជាអ្នកជួយសង្គ្រោះជាតិ ស្នេហាជាតិ និងប្រជាជនពិតប្រាកដ។ ចេញពីការរួបរួមគ្នាជាមហាគ្រួសារខ្មែរតែ មួយតាមរយៈការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ បាននាំឱ្យមានថ្ងៃរំដោះ ៧ មករា ១៩៧៩ និងមានអ្វីៗដូចសព្វថ្ងៃនេះ។ បើគ្មានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏គ្មានសន្តិភាពពេញ លេញ និងការអភិវឌ្ឍរីកចម្រើនដូច្នេះដែរ។
នេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រ។ ជាតិនិងប្រជាជនកម្ពុជាកាន់តែមានសេចក្តីសុខ និងការអភិវឌ្ឍកាន់តែខ្លាំងនៅពេលដែលគ្មានអ្នក បំផ្លាញខ្មែរដូចជា សម រង្ស៊ី កឹម សុខា និងគណបក្សសាងគ្រោះឱ្យជាតិដូចពេលនេះ! នៅពេលនេះពលរដ្ឋខ្មែររួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រខ្មែរបាននិងកំពុងបន់ស្រន់ សុំសេចក្តីសុខសម្រាប់ព្រះរាជាណាចក្រកម្ពុជា ចំណែកក្រុមអ្នកនយោបាយអតីតបក្សសង្គ្រោះជាតិ កំពុងនាំគ្នាបន់ព្រះ និងអង្វរចៅហ្វាយនាយរបស់ពួកគេឱ្យ បំផ្លាញខ្មែរដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងកម្ពុជាទៅវិញ។ ពេលនេះទើបពលរដ្ឋខ្មែរដឹងច្បាស់ថានរណាជាអ្នកស្នេហាជាតិ និងប្រជាជនពិតប្រាកដ៕
ដោយ៖ ចៅ ចាក់ស្មុក