(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោក ថោង ខុន បានលើកឡើងថា ការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអ្គរ លើកទី២២ ឆ្នាំ២០១៧នេះ គឺមានអ្នកចូលរួមសរុបជាង ១ម៉ឺននាក់ ក្នុងនោះមានបរទេសជាង ៥ពាន់នាក់ កើនឡើង ២០% ដែលចំនួនអ្នកចូលរួមនេះ ត្រូវបានលោកចាត់ទុកជាជោគជ័យ នឹងបញ្ជាក់ថា ប្រសិនបើកម្ពុជាគ្មានសន្ដិភាព ម្ល៉េះក៏មិនមានកំណើនភ្ញៀវទេសចរមកចូលរួមរត់ក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំនេះដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរលើកទី២២ នៅតំបន់ប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី០៣ ខែធ្នូនេះ លោក ថោង ខុន បានបញ្ជាក់ថា អ្នកចូលរួមរត់ សុទ្ធតែបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ជាមួយនឹងការរៀបចំតាមស្ដង់ដា ដែលធ្វើឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រដ៏ទាក់ទាញ នៃតំបន់អង្គរខេត្តសៀមរាប ពិសេសស្ថិរភាពនយោបាយ និងសន្ដិភាពនៅកម្ពុជា ដែលធ្វើឲ្យភ្ញៀវទេសចរអន្ដរជាតិមានភាពកក់ក្ដៅក្នុងការចូលរួមតែម្ដង។
លោករដ្ឋមន្ដ្រី ថោង ខុន បានថ្លែងថា «កម្ពុជាគ្មានបញ្ហាវិបត្តិនយោបាយនោះទេ គឺមានតែអ្នកនយោបាយមានវិបត្តិ។ គេ(ភ្ញៀវបរទេស)ដឹង តែគេយល់ថា អ្វីដែលយើងកំពុងធ្វើ គឺត្រូវត្រឹមតាមច្បាប់ ព្រោះយើងធ្វើមិនមែន...ការរំលាយគណបក្សសង្គ្រោះជាតិ មិនមែនជាការសម្លាប់ប្រជាធិបតេយ្យទេ គឺជាការការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងការពាររដ្ឋធម្មនុញ្ញ... ។ មិនមែនគេមិនដឹងទេ អ្នកទាំងអស់នោះ បើគេដឹងយើងធ្វើខុស ហើយគ្មានសន្ដិភាព ក៏គេមិនមកចូលរួមដែរ»។
សូមបញ្ជាក់ថា មនុស្សជាង ១ម៉ឺននាក់ ដែលចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរកាលពីព្រឹកមិញ គឺមកពី ៧៦ប្រទេសលើពិភពលោក ។ ជាលទ្ធផលវិញ្ញារត់ចម្ងាយ ២១គីឡូម៉ែត្រផ្នែកបុរសលេខ១ បានទៅកីឡាករចិន Qi Bian ប្រើថិរវេលា ១ម៉ោង ១២នាទី និង ៤២វិនាទី, លេខ២ កីឡាករកម្ពុជា Takizaki Kuniaki ប្រើថិរវេលា ១ម៉ោង ១៤នាទី និង ៤២វិនាទី និងកីឡាករកម្ពុជា ម៉ា វីរ៉ូ ប្រើថិរវេលា ១ម៉ោង ១៥នាទី និង ៣៥វិនាទី ។ ផ្នែកនារី លេខ១ កីឡាការិនីអៀកឡង់ Nic Amhlaoibh ប្រើថិរវេលា ១ម៉ោង ២៨នាទី និង ៤៥វិនាទី, លេខ២ កីឡាការិនីបារាំង Messina Veromque ប្រើថិរវេលា ១ម៉ោង ៣១នាទី និង ២៩វិនាទី ខណៈលេខ៣ កីឡាការិនី Clarue Lyndsay មកពី GBR ប្រើថិរវេលា ១ម៉ោង ៣៣នាទី និង ៤០វិនាទី ។
ដោយឡែកវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្របុរស លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា ប្រើថិរវេលា ៣៤នាទី និង ៤៤វិនាទី, លេខ២ កីឡាករ Tamiru Andarge មកពីប្រទេស Ethiopian ប្រើថិរវេលា ៣៦នាទី និង ១៣វិនាទី និងលេខ៣ កីឡាករ ជា សម្ផស្ស ប្រើថិរវេលា ៣៦នាទី និង ៤១វិនាទី ។ ផ្នែកនារី លេខ១ កីឡាការិនីបារាំង Rech Agthe ប្រើថិរវេលា ៤៥នាទី និង ២៧វិនាទី, លេខ២ កីឡាការិនីកម្ពុជា Hong Socheata ប្រើថិរវេលា ៤៥នាទី និង ៣៩វិនាទី និងលេខ៣ កីឡាការិនីសិង្ហបុរី Wilson ប្រើថិរវេលា ៤៧ និង ១៣វិនាទី ។ ជាមួយគ្នានោះ ក៏មានការជិះរទេះប្រណាំង ការរត់ប្រណាំងជនពិការ រួមទាំងការរត់កម្សាន្ដលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រផងដែរ៕