(ស្វាយរៀង)៖ លោក សុខា រាម ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុករំដួល ខេត្តស្វាយរៀង បានប្រាប់ទៅសមាជិក សមាជិការគណបក្សប្រជាជនទាំងអស់នៅស្រុករំដួលថា ត្រូវរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនេះ ឲ្យបានគង់វង្សរហូតតទៅ មិនបណ្ដោយឱ្យមានអ្នកណាម្នាក់ មកបំផ្លាញនូវសន្តិភាព ដែលខិតខំរកយ៉ាងលំបាកនេះបានឡើយ។
លោក សុខា រាម បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកមកពីបក្សដទៃចំនួន១០៣រូប ដែលស្ម័គ្រចិត្តមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
លោក សុខា រាម បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខនៅជាមួលពលរដ្ឋ ឬឯបក្សផ្សេងមិនដែលធ្វើអ្វីសោះ បានតែថាមិនឃើញធ្វើអ្វីនោះទេ គឺតែងតែបង្កអសន្តិសុខ ញុះញង់បំពុលសង្គមហើយ គណបក្សសង្គ្រោះជាតិ ដែលតុលាការរំលាយដោយសារមេបក្សរូបនេះរងការចោទប្រកាន់ក្បត់ជាតិផងដែរ។
លោកបានបន្តទៀតថា ក្នុងរយៈពេល៣៨ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនា វាកម្ពុជា ឲ្យមានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស។
ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុករំដួល ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឃុំថ្នាធ្នង់ ត្រូវបន្តធ្វើអំពើល្អជាមួយពលរដ្ឋឲ្យបានកាន់តែបានល្អ ប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈផ្សេងៗ ឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសេវាមិនបង់ប្រាក់ដូចជា៖ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារជាដើម ដើម្បីឲ្យពលរដ្ឋបានដឹងយល់ជ្រួតជ្រាបចៀសវាងមានការថ្នាំងថ្នាក់ណាមួយ៕