(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រកាសតាមរយៈសារព័ត៌មាន Fresh News ថ្កោលទោសយ៉ាងដាច់អហង្ការ លើជនដៃដល់ កាប់យុវតីគ-ថ្លង់ស្ទើដាច់ក នៅខេត្តកំពត។ លោក ឯម ច័ន្ទមករា បានបន្ថែមថា ទង្វើរបស់ជនដៃដល់រូបនេះ គឺជាអំពើព្រៃផ្សៃ និងសាហាវបំផុត មិនអាចលើកលែងទោសឲ្យបានឡើយ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ ក៏បានអំពាវនាវឲ្យសមត្ថកិច្ចចាត់ការលើជនដៃដល់រូបនេះឲ្យខាតតែបាន និងអនុវត្តទៅតាមច្បាប់កំណត់ ដើម្បីកុំឲ្យបុគ្គលដទៃទៀត ប្រព្រឹត្តអំពើអាក្រក់ទៅតាមជនដៃដល់នេះ។
លោក ឯម ច័ន្ទមករា បានសម្តែងការសោកស្តាយ ចំពោះគ្រួសាររបស់ យុវតីគ-ថ្លង់ខាងលើ ដែលបានក្លាយជាជនរងគ្រោះម្នាក់ ដោយសារតែជនដៃដល់ ហ៊ានលើកដៃកាប់ជនពិការ ដែលមានសតិមិនល្អបែបនេះ។
យោងតាមព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះ ករណីកាប់យុវតី គ-ថ្លង់ អាយុ១៤ឆ្នាំ ស្ទើស្លាប់ស្ទើរស់ ភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពេលនេះសមត្ថកិច្ចចាប់បាន ជនដៃដល់ ហើយ។ ចំពោះមូលហេតុនៃការប្រើអំពើហិង្សាដ៏ឃោរឃៅនេះ គឺដោយសារតែជនដៃដល់ ដែលជាក្មេងជំទង់នោះប៉ុនប៉ងរំលោភ នាងកណ្តាលវាលស្រែ ប៉ុន្តែត្រូវនាងស្រែក។
ការចាប់ខ្លួនជនដៃដល់ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានធ្វើឡើងនៅម៉ោង៨៖០០យប់ម្សិលមិញនេះ នៅជើងភ្នំនាងសេដា អោន ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីសមត្ថកិច្ចជំនាញខេត្តកំពត បានធ្វើការតាមប្រមាញ់ ជាច្រើនម៉ោង ក្រោយកើតហេតុ។
សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ដែលជាក្មេងជំទង់ មានឈ្មោះ អាន ប៉ាវ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិ/ ឃុំកើតហេតុ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ ស្រី ខេម អាយុ១៤ឆ្នាំ ជាមនុស្សគ ហើយសតិមិនគ្រប់ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ នៅក្បែរផ្ទះរបស់ជនដៃដល់។ ជនរងគ្រោះ រងការកាប់ឲ្យរបួសចំនួន ៣កន្លែង រួមមានកញ្ចឹងកឆ្វេង២កន្លែង និងភ្លៅ១កន្លែង។
បើតាមចម្លើយសារភាព របស់ជនដៃដល់ បានឱ្យដឹងថា រូបគេបានកាប់ទៅលើជនរងគ្រោះ ព្រោះតែនាងស្រែក នៅពេលដែល រូបគេប៉ុនប៉ងរំលោភ មិនបានសម្រេច នៅក្នុងវាលស្រែ។
សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ មានករណីកាប់ទៅលើ យុវតី គ-ថ្លង់ម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅចំណុចក្នុងស្រែ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន។ យ៉ាងណាក៏ដោយ ក្រោយចាប់ខ្លួន និងសួរចម្លើយរួចនោះ សមត្ថកិច្ច បញ្ជូនជនដៃដល់ទៅតុលាការ ដើម្បីអនុវត្តទៅតាមច្បាប់៕