(សៀមរាប)៖ ពិធីបួងសួងសូមសេចក្តីសុខ សេចក្តីចម្រើន និងសូមសុខសន្តិភាពសម្រាប់ជាតិកម្ពុជា ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកតាមការគ្រោងទុកនៅព្រឹកព្រលឹមថ្ងៃ១៥កើត ថ្ងៃពេញបូរមី ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅមុខប្រាសាទអង្គរដ៏ល្បាញល្បីរបស់ខ្មែរ។
ពិធីបួងសួងត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមផងដែរពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ពិធីបួងសួងសូមការប្រោសព្រំពីវត្ថុស័ក្តិសិទ្ធិនៅតំបន់អង្គរ ក៏ដូចជាដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ ក៏ដូចជាដួងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរ ផ្តល់នូវពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការ ក៏ដូចជាការរក្សាបាននូវសុខសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជាលើដែនដីអច្ឆរិយរបស់ខ្មែរ ត្រូវបានប្រព្រឹទ្ធទៅតាមលំអានប្រពៃណី ទំនៀបទម្លាប់សាសនាខ្មែរ។ គ្រឿងរណ្តាប់ ផ្លែឈើ គ្រាប់ធុញ្ញជាតិជាច្រើនមុខត្រូវបានរៀបចំឡើងដើម្បីជាដង្វាយដល់វត្ថុស័ក្តិសិទ្ធ អមជាមួយការសម្តែងរបាំ និងថ្វាយភ្លេងជូនផងដែរ។
លោកអាចារ្យ បានស្រែកបួងសួងដល់វត្ថុស័ក្តិសិទ្ធ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ ឲ្យតាមជួយឃុំគ្រង បីបាច់ថែរក្សាជាតិកម្ពុជា ឲ្យបន្តមានសុខសន្តិភាព រក្សាបានការអភិវឌ្ឍ និងភាពរីកចម្រើនតរៀងទៅ ចៀសផុតពីគ្រោះកាចទាំងឡាយ។
លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ពិធីបួងសួងនេះ គឺធ្វើតាមលំអានរបស់ព្រះមហាក្សត្រខ្មែរ ក៏ដូចជាអតីតព្រះមហាក្សត្រតាំងពីបុព្វកាល ដែលតែងតែធ្វើពិធីបួងសួងនៅពេលទទួលបានជោគជ័យអ្វីមួយ។ បើតាមលោកស្រីរដ្ឋមន្ត្រី ពិធីបួងសួងនេះ ក៏ជាការឧទ្ទិសកុសលជូនដល់បុព្វការីជន ក៏ដូចជាបុព្វបុរសខ្មែរ ដែលបានតស៊ូលះបង់ និងបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ។
លើសពីនេះទៀត ពិធីនេះក៏ជាសាបព្រោះ និងបញ្ច្រៀបចំណេះដឹងដល់កុលបុត្រខ្មែរឲ្យបានដឹងពីប្រពៃណីទំនៀមទម្លាប់ខ្មែរពាក់ព័ន្ធពិធីបួងសួងនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ភឿង សក្កណា។
បន្ទាប់ពីពិធីបួងសួងបានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកចូលរួមទាំងអស់ បានអញ្ជើញធ្វើពិធីសូត្រមន្តប្រគេនទេយ្យវត្ថុ និងរាប់បាត្រព្រះសង្ឃប្រមាណ ៥ពាន់អង្គ ក្រោមបរិយាកាសដ៏សប្បាយរីករាយបំផុត។
ប្រជាពលរដ្ឋ ដែលបានចូលរួមសុទ្ធតែបានបង្ហាញក្តីរីករាយជាមួយពិធីបួងសួងនេះ និងចាត់ទុកជាពិធីដ៏ល្អមួយសម្រាប់សូមសេចក្តីសុខសេចក្តីចម្រើនជូនប្រជាពលរដ្ឋ និងជាតិកម្ពុជា។ បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមសុទ្ធតែបានផ្តល់ និងតម្កល់តម្លៃខ្ពស់បំផុតចំពោះសុខសន្តិភាពកំពុងមាននៅកម្ពុជានាពេលបច្ចុប្បន្ន ដែលទាមទាររក្សាឲ្យបាន។
ពួកគាត់បានយល់ឃើញថា បើគ្មានសន្តិភាព នឹងមិនអាចឲ្យកម្ពុជាអភិវឌ្ឍន៍រីកចម្រើនលូតលាស់ទៅមុខបាននោះឡើយ។ សូមទស្សនាវីដេអូបង្ហាញនូវទិដ្ឋភាព និងចំណាប់អារម្មណ៍ប្រជាពលរដ្ឋជុំវិញការប្រារព្ធពិធីបួងសួងដ៏មហោឡារិកនៅមុខប្រាសាទអង្គរ៖