Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: ករណីកាប់យុវតីគ-ថ្លង់ ស្ទើដាច់ក នៅខេត្តកំពត ពេលនេះសមត្ថកិច្ចចាប់បានជនដៃដល់ហើយ, មូលហេតុគឺ ប៉ុនប៉ងរំលោភ មិនបានសម្រេច

03-12-2017 12:19

(កំពត)៖ ករណីកាប់យុវតីគ-ថ្លង់ អាយុ១៤ឆ្នាំ ស្ទើស្លាប់ស្ទើរស់ ភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពេលនេះសមត្ថកិច្ចចាប់បានជនដៃដល់ហើយ។ ចំពោះមូលហេតុនៃការប្រើអំពើហិង្សាដ៏ឃោរឃៅនេះ គឺដោយសារតែជនដៃដល់ដែលជាក្មេងជំទង់នោះ ប៉ុនប៉ងរំលោភនាងកណ្តាលវាលស្រែ ប៉ុន្តែត្រូវនាងស្រែក។

ការចាប់ខ្លួនជនដៃដល់ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានធ្វើឡើងនៅម៉ោង៨៖០០យប់ ម្សិលមិញនេះ នៅជើងភ្នំនាងសេដាអោន ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីសមត្ថកិច្ចជំនាញខេត្តកំពត បានធ្វើការតាមប្រមាញ់ជាច្រើនម៉ោង ក្រោយកើតហេតុ។

ប្រភពពីខេត្តកំពត បានឱ្យដឹងថា ជនដៃដល់ដែលជាក្មេងជំទង់ មានឈ្មោះ អាន ប៉ាវ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិ/ឃុំកើតហេតុ។ ចំណែកយុវតីរងគ្រោះមានឈ្មោះ ស្រី ខេម អាយុ១៤ឆ្នាំ ជាមនុស្សគ ហើយសតិមិនគ្រប់ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ នៅក្បែរផ្ទះរបស់ជនដៃដល់។ ជនរងគ្រោះ រងការកាប់ឲ្យរបួសចំនួន ៣កន្លែង រួមមានកញ្ចឹងកឆ្វេង២កន្លែង និងភ្លៅ១កន្លែង។

បើតាមចម្លើយសារភាពរបស់ជនដៃដល់ បានឱ្យដឹងថា​ រូបគេបានកាប់ទៅលើជនរងគ្រោះ ព្រោះតែនាងស្រែក នៅពេលដែលរូបគេប៉ុនប៉ងរំលោ មិនបានសម្រេច នៅក្នុងវាលស្រែ។

សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញ មានករណីកាប់ទៅលើ យុវតី គ-ថ្លង់ម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅចំណុចក្នុងស្រែ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន។

យ៉ាងណាក៏ដោយ ក្រោយចាប់ខ្លួន និងសួរចម្លើយរួចនោះ សមត្ថកិច្ច បញ្ជូនជនដៃដល់ទៅតុលាការ ដើម្បីអនុវត្តទៅតាមច្បាប់៕