(សៀមរាប)៖ មន្រ្តីកាំកុងត្រូល សាខាខេត្តសៀមរាប និងអាកាសយានដ្ឋានសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មនិងគណៈគ្រប់គ្រងផ្សារ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះ បានបន្តចុះពិនិត្យទំនិញនានា នៅក្នុងផ្សារពួក ស្រុកពួក ខេត្តសៀមរាប ។
ពេលចុះពិនិត្យនោះ ទំនិញជាម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមួយចំនួន ត្រូវបានមន្រ្តីជំនាញយកមកធ្វើវិភាគបឋមស្វែងរកសារធាតុគីមីហាមឃាត់ ដើម្បីឃ្លាំ និងពិនិត្យមើលឡើងវិញនូវម្ហូបអាហារជាគ្រឿងបរិភោគមួយចំនួន ក្នុងនោះក៏មានសរសៃគុយទាវ ដែលផលិតដោយសិប្បកម្ម២កន្លែង ដែលធ្លាប់ដាក់បន្ថែមសារធាតុគីមីហាមឃាត់បូរ៉ាក់ និងត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ តបញ្ជាឲ្យផ្អាកអាជីវកម្មបណ្តោះអាសន្ន នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ តាមសំណើពីសមត្ថកិច្ចជំនាញ ហើយទើបនឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរជាថ្មីបន្ទាប់ពីបានដោះស្រាយតាមនីតិវិធីច្បាប់រួចរាល់ ហើយបានចរាចរលក់ឡើងវិញ នៅក្នុងផ្សារពួកនាថ្ងៃនេះតែម្តង ។
ជាលទ្ធផលនៃការធ្វើវិភាគបឋមលើគុយទាវសរសៃខាងលើ ក៏ដូចជាម្ហូបអាហារមួយចំនួនទៀត គឺទទួលបានលទ្ធផលល្អ ដោយមានអនុលោមភាព សុវត្ថិភាពទាំងអស់ ដែលរួមមាន សរសៃគុយទាវតូច ធំ ស្ករត្នោត ប្រហិតសាច់ ប្រហុក ប្រភេទជ្រក់ ជាដើម ។
ដោយឡែកចំពោះការពិនិត្យមើលទំនិញវេចខ្ចប់ស្រាប់ ក្រុមការងារបានពិនិត្យរកឃើញមានទំនិញមួយចំនួនខូចគុណភាព កំប៉ុងកំពិតច្រែះស៊ី និងហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខាណែនាំ និងធ្វើកំណត់ហេតុដកហូតយកមករក្សាទុក រង់ចាំសុំគោលការណ៍កម្ទេចចោលនាពេលក្រោយ។ ទំនិញខូចគុណភាពទាំងនោះរួមមាន ភេសជ្ជៈចម្រុះ ទឹកដោះគោឆៅ និងត្រីខកំប៉ុង សរុបមានទម្ងន់ ៤២ គីឡូក្រាម ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា រាល់ការចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនេះ តែងតែមានការគាំទ្រទាំងស្មារតី និងសំភារៈពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល ដែលលោកតែងតែខិតខំជំរុញបន្ថែម ធ្វើយ៉ាងណាដើម្បីឲ្យការងារត្រួតពិនិត្យធ្វើឡើងជាប្រចាំ ទាំងនៅមាត់ច្រកព្រំដែន ទាំងនៅលើទីផ្សារទូទាំងប្រទេស ដើម្បីធានាឲ្យបាននូវសុវត្ថិភាពផ្នែកម្ហូបអាហារជូនប្រជាពលរដ្ឋ ព្រមទាំងកសាងបាននូវទំនុកចិត្តពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងពីភ្ញៀវទេសចរណ៍ផងដែរ ។
ក្នុងនាមជាមន្រ្តីរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល ដែលជាសេនាធិការ របស់ក្រសួងពាណិជ្ជកម្ម នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើសកម្មភាពចុះទៅពិនិត្យគុណភាពទំនិញនៅលើទីផ្សារ ធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបានខ្ពស់នូវការចរាចរណ៍ទំនិញខូចគុណភាព ឬ មានសារធាតុគីមីហាមឃាត់នោះ។
ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប ក៏បានឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករ ទាំងអស់ កុំឲ្យយកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់។ ចំពោះអ្នកទិញ មន្រ្តីកាំកុងត្រូលក៏បានណែនាំពីរបៀបនៃការជ្រើសរើសផលិតផលមានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញគួរពិចារណាមុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជាទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំងជាដើម៕