(ភ្នំពេញ)៖ ក្រុមហ៊ុនលក់គ្រឿងសំណង់មួយកន្លែងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានយកដែកទៅទល់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងមធ្យម បណ្តាលឲ្យដាច់ខ្សែបណ្តាញ ហើយចរន្តអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ហើយធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ (ភូមិបន្លាស្អិត ភូមិសំរោង ភូមិត្រពាំងស្វាយ និងភូមិបាយ៉ាប) ស្ថិតក្នុងសង្កាត់ឃ្មួញ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អគ្គិសនីកម្ពុជាបានឲ្យដឹងថា មន្ត្រីអគ្គិសនីកម្ពុជា បានអន្តរាគមន៍ភ្លាមៗចំពោះករណីនេះ ហើយបានតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ នៅម៉ោង៥៖៤៥នាទីល្ងាចថ្ងៃដដែលនោះ។ អគ្គិសនីកម្ពុជា បានថ្លែងសូមការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ពីការដាច់ចរន្តអគ្គិសនីនេះ។
អគ្គិសនីកម្ពុជា ក៏បានទទូចដល់បណ្តាក្រុមហ៊ុនឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទៅមុននឹងធ្វើអ្វីមួយនៅកន្លែងមានខ្សែបញ្ជូនអគ្គិសនី ឬ ប៉ះពាល់ជាមួយខ្សែបញ្ជូនអគ្គិសនីគួរទាក់ទងជាមួយមន្ត្រីអគ្គិសនី ដោយមិនត្រូវធ្វើដោយចិត្តឯងនោះឡើយ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងអាចនាំឲ្យដាច់ចរន្តអគ្គិសនី៕