(តាកែវ)៖ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណ: នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំកងកម្លាំងចម្រុះ ដែលក្នុងនោះមាននគបាល អាវុធហត្ថ និងមន្រ្តីយោធាជាង១០០នាក់ ចុះរុះរើទីតាំងជល់មានខុសច្បាប់មួយ នៅក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានអះអាងថា ទីតាំងជល់មានខុសច្បាប់នេះ ត្រូវបានរដ្ឋបាលខេត្តចុះមកអប់រំណែនាំចំនួន២ដងរួចទៅហើយ ប៉ុន្តែម្ចាស់អាជីវកម្ម មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទេ ព្រោះម្ចាស់សង្វៀនជល់មាន់ខាងលើនេះ អាងអំណាច និងបក្ខពួករបស់ខ្លួន។

អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ​បានអះអាងថា បន្ទាប់ពីរុះរើ រដ្ឋបាលខេត្ត នឹងដាក់ពាក្យបណ្ដឹងម្ចាស់ដី ដែលជួលទីតាំងឲ្យបើកល្បែងស៊ីសងខុសច្បាប់ ដោយប្ដឹងរឹបអូសដីមកជាសម្បត្តិរដ្ឋតែម្តង៕