(ភ្នំពេញ)៖ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់០៥ ខែធ្នូ ឆ្នាំ២០១៧ តាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី សេក្ខ ហាស៊ីណា នឹងចូលគ្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកស្រី ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយ​នឹងមានជំនួបទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផងដែរ។ បន្ទាប់មក នាយករដ្ឋមន្រ្ដីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន នឹងបន្តដោយ​ការប្រកាស​​ព័ត៌មាន​រួមគ្នា។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ គោរព​វិញ្ញាណក្ខន្ធ​វីរបុរស-វីរនារីកម្ពុជាដែលបានពលីក្នុង​សង្រ្គាម គោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម ​សីហនុ ព្រះបរមរតនកោដ្ឋ ទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងចូលរួមជាអធិបតីក្នុងកិច្ចសន្ទនាធុរកិច្ច រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ។

គួរកត់សម្គាល់ផងដែរថា លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ធ្លាប់បានបំពេញទស្សនកិច្ចផ្លូវការលើកទី១នៅកម្ពុជា ស្របពេលនៃការចូលរួមរបស់លោកជំទាវ ក្នុងសន្និសិទសមាគមសភាអាស៊ីសម្រាប់សន្តិភាព នៅទីក្រុងភ្នំពេញ កាលពីខែមករា ឆ្នាំ២០០១។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី សេក្ខ ហាស៊ីណា នៅកម្ពុជា ឆ្លុះបញ្ចាំងពីការពង្រឹងចំនងមិត្តភាព ដែលប្រទេសទាំងពីរបានថែរក្សាជាច្រើនឆ្នាំកន្លងមក និងធ្វើ​ឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា និងបង់ក្លាដែស៕