(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានស្នើឱ្យយុវជនទាំងអស់ត្រូវតែរួមគ្នា ថែរក្សា សន្តិភាពរបស់កម្ពុជា ដែលថ្នាក់ដឹកនាំយើង ខិតខំកសាងតាំងពីបាតដៃទទេមកនោះ គឺមិនត្រូវឱ្យជនឆ្លៀតឱកាសមួយចំនួនតូច លាបពណ៌បំផ្លាញឡើយ។
ការស្នើរបស់លោក ស សុខា ធ្វើឡើងក្នុងឱកាស លោកអញ្ជើញជាអធិបតី នៅក្នុងពិធីបើកសន្និបាត សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ២០១៧ នាសណ្ឋាគារឆ្នេរសុខា ទឹកដីខេត្តព្រះសីហនុ។
បើតាមលោក ស សុខា ប្រធានអង្គសន្និបាត បានបញ្ជាក់ថា ការប្រារព្ធសន្និបាតនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារ សហភាពសហព័ន្ធយុវ ជនកម្ពុជាទាំងបីខេត្ត ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្តសំរាប់ឆ្នាំ២០១៨ ក៏ដូចជា ដើម្បីបង្កើនទំនាក់ទំនងគ្នា ពិសេសដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក សំដៅស្វែងរកភាពរីកចំរើន របស់សហភាពសហព័ន្ធយុវជនកម្ពុជាទាំងបីខេត្តនេះ។
សូមបញ្ជាក់ថា សន្និបាតនេះប្រព្រឹត្តទៅចំនួន ០២ថ្ងៃ គឺថ្ងៃទី០៣ និងទី០៤ ខែធ្នូ ឆ្នាំ២០១៧ ដែលមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និង សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទាំងបីខេត្ត ប្រមាណជិត៣០០នាក់៕