(ភ្នំពេញ)៖ ក្លឹបបង្រៀនហែលទឹកសម្រាប់ទារក លេចវត្តមានដំបូងគេបង្អស់នៅកម្ពុជា ខណៈកុមារដែលចេះហែលទឹកពីអាយុ៦ខែឡើងទៅ នឹងមានការអភិវឌ្ឍផ្នែកសតិបញ្ញា និងរូបរាយកាយលឿនជាងកុមារ ដែលមិនបានរៀនហែលទឹក។
ក្លឹបបង្រៀនហែលទឹក សម្រាប់ទារកនេះបង្កើតឡើងក្រោម ការសហការគ្នារវាង រវាងសហគ្រិនចំនួន៣រូប ក្លឹបនេះមានឈ្មោះថា Dolphin Swimming Club Cambodia ការបង្កើតក្លឹបនេះក្នុងគោលបំណង ជំរុញអោយកើតមាននូវការរៀនហែលទឹកពីថ្នាក់
ទារកដោយសង្ឃឹមថា ទារកនឹងមានការអភិវឌ្ឍលូតលាស់ ទាំងផ្នែករូបរាងកាយ និងបញ្ញាស្មារតីយ៉ាងល្អ។
លោក Natthasak Thawudom គ្រូបង្រៀនហែលទឹក សម្រាប់ទារកប្រចាំក្លឹប Dolphin Swimming Club Cambodia បានឲ្យដឹងថា ការហែលទឹកមិនមែនគ្រាន់តែជាកីឡាតែប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្រមួយ ដើម្បីអភិវឌ្ឍខួរក្បាល និងរាងកាយក្នុងពេលដំណាលគ្នា។
លោកបានប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ អោយអ្នកទាំងអស់គ្នាបានដឹង ពីអត្ថប្រយោជន៍នៃការហែលទឹក ថែមទាំងជួយសង្គមក្នុងការបង្រៀនហែលទឹក ដើម្បីដោះខ្លួនចេញពីគ្រោះថ្នាក់ហែលទឹក ដល់កុមារពិការ និងកុមារក្រីក្រ ដោយបង្កើតនូវគម្រោងអាង
ហែលទឹកចល័ត ឡើងមក ដើម្បីបន្ថយអត្រាការលង់ទឹកស្លាប់ ចំពោះកុមារនៅប្រទេសថៃ និងកម្ពុជា។
អ្នកស្រី Sudsiri Prasitphon សហស្ថាបនិកក្លឹប Dolphin Swimming Club Cambodia បានឲ្យដឹងថា ការហែលទឹកនៅក្នុងវ័យទារក មានរយៈពេលជាច្រើនទសវត្សមកហើយ និងបានទទួលការពេញនិយមយ៉ាងច្រើននៅប្រទេសលោកខាងលិច រួមមាន អាមេរិច អូស្ត្រាលី និងបណ្ដាប្រទេសកំពុងអភិវឌ្ឍ នៅជុំវិញពិភពលោកជាច្រើនទៀត។
អ្នកស្រីបន្ដទៀតថា ការបង្រៀនទារកឲ្យចេះហែលទឹកនេះ នឹងជួយក្នុងការជំរុញការអភិវឌ្ឍកុមារ ព្រោះតាមពិតទៅជំនាញ ការហែលទឹករបស់កុមារ មានតាំងតែពីនៅក្នុងគភ៌របស់ម្ដាយមកម្ល៉េះ។ លើសពីនេះទៀត ការរៀនហែលទឹកនៅក្នុងវ័យទារក
បានផ្ដល់អត្ថប្រយោជន៍ច្រើន ហួសពីការស្មាន ដូចជា ជួយសម្រួលសាច់ដុំ ជាពិសេសអាវយវៈភ្នែក និងដៃ បន្ថយអាការៈខ្លាចទឹក ជួយជំរុញការលូតលាស់ផ្នែក សាច់ដុំ ជួយជំរុញឱ្យមានតុល្យភាពរាងកាយផ្នែកខាងឆ្វេង និងខាងស្តាំធ្វើឱ្យ មានលំនឹងរឹងប៉ឹងល្អ
ជំរុញខួរក្បាលសងខាង ព្រមទាំងជួយអភិវឌ្ឍផ្នែកទំនាក់ទំនងប្រព័ន្ធប្រសាទ ធ្វើអោយកុមារដែលរៀនហែល ទឹកតាំងពីតូចមានការអភិវឌ្ឍលឿនជាងធម្មតា៕