(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានថ្លែងថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឲ្យកំណើតភ្ញៀវទេសចរអន្ដរជាតិ ចូលមកប្រទេសកម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ ពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្ដ្ររបស់ពិភពលោក ខណៈបច្ចុប្បន្នកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍សៀមរាបអង្គរ ឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយលំដាប់ពិភពលោក និងជាកន្លែងត្រូវតែទៅទស្សនា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីលើសកលលោក។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២២ នៅតំបន់អង្គរ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ខណៈលោកចាត់ទុកព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ គឺជាការរួមចំណែកដ៏សំខាន់ ដើម្បីសម្រេចនូវគោលដៅខាងលើ។ លោកថា គិតត្រឹមរយៈពេល ៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិចំនួន ៣,៩១២,៧៦១នាក់ កើនឡើង ១១,៥% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០១៦ គ្រាដែលខេត្តសៀមរាបកើនឡើង ១១,៨% បន្ទាប់ពីទទួលបានភ្ញៀវទេសចរអន្ដរជាតិ ១,៧៥៣,២៧២នាក់ ស្មើនឹង ៣៨,៨% នៃចំនូចសរុបក្នុងរយៈពេល ៩ខែដូចគ្នា។

លោករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា «បច្ចុប្បន្នយើងកំពុងអភិវឌ្ឍន៍សៀមរាបអង្គរ ឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយលំដាប់ពិភពលោក(World Class Tourist Destination) និងជាគោលដៅទេសចរណ៍ ដែលត្រូវតែទៅទស្សនា(A Must-Visit Tourist Destination) ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីលើសកលលោក ។ ដោយឡែកព្រឹត្តិការណ៍រត់ប្រណាំង បានរួមចំណែកគៀងគរភ្ញៀវទេសចរ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ឆ្នាំនេះគណៈកម្មការរៀបចំការប្រកួត បានទទួលអ្នកចូលរួមរត់ជាង ១ម៉ឺននាក់ កើនឡើង ១៥% ដោយមានជនបរទេសជាង ៥ពាន់នាក់ កើនឡើង ២០% មកពី ៧៦ប្រទេស ក្នុងនោះជនជាតិអង់គ្លេសឈរទី១ បារាំងទី២ អាមេរិកទី៣ អូស្ដ្រាលីទី៤ និងជប៉ុនទី៥»

រឹតតែពិសេស ការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២២ ឆ្នាំ២០១៧ គឺគាប់ជួននឹងការរៀបចំពិធីបួងសួងចម្រើនសេចក្ដីសុខជូនព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០២-០៣ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេសការនិមន្ដព្រះសង្ឃ ៥,៥០០អង្គចូលរួម។

ហេតុនេះ អ្នករត់ប្រណាំងជាង ១ម៉ឺននាក់ ដែលមកពីគ្រប់ទិសទីជុំវិញពិភពលោក ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមអបអរសាទរពិធីបួងសួងដ៏មានអត្ថន័យនេះ ដើម្បីភាពសុខសប្បាយ និងសន្ដិភាពជារៀងរហូតដល់កម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆិរយៈផងដែរ ។ លោក ថោង ខុន បន្ថែម៕