(ភ្នំពេញ)៖ សំណុំរឿងឃុបឃិតជាមួយបរទេសក្បត់ជាតិខ្លួនមិនត្រឹមតែមាននៅកម្ពុជានោះទេ ប៉ុន្តែសំណុំរឿងនេះបាន និងកំពុងតែកក្រើកសហរដ្ឋអាមេរិក ខណៈលោក ម៉ៃឃើល ផ្លីន អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងជាមន្ត្រីជំនិតនឹងប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានអគ្គរដ្ឋអាជ្ញាពិសេសចោទប្រកាន់ក្រោមក្របខណ្ឌ នៃការស៊ើបអង្កេតរឿងអាស្រូវនៃការលូកដៃរបស់រុស្ស៊ី ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា ឆ្នាំ២០១៦។ លោក មៃឃើល ផ្លីន (Michael Flynn) បានសារភាពពីទោសកំហុស ពាក់ព័ន្ធនឹងការធ្វើសេចក្តីថ្លែងការណ៍ក្លាយក្លែងឱ្យទៅការិយាល័យស៊ើបអង្កេតសហព័ន្ធអេហ្វប៊ីអាយ (FBI)។
សំណុំរឿងនេះល្បីនៅទូទាំងពិភពលោកដូចសំណុំរឿង កឹម សុខា ដែរ ប៉ុន្តែរហូតមកទល់នឹងពេលនេះ គ្មានប្រទេសណាមួយ ឬអង្គការសិទ្ធិមនុស្សអន្តរជាតិ ដូចជា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ឬអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ឬក៏សមាជិកព្រឹទ្ធសភារបស់អាមេរិក ចន ម៉ាក់ខេន និងគូកនខ្លួន រួមនឹង អ្នកនយោបាយប្រឆាំងអតីតបក្សសង្គ្រោះជាតិប្រតិកម្មថ្កោលទោស ចំពោះចំណាត់ការរបស់អគ្គរដ្ឋអាជ្ញាពិសេសនេះដើម្បីទាមទារ ឱ្យដោះលែង និងទម្លាក់ការចោទប្រកាន់លើ លោក ម៉ៃឃើល ផ្លីន នោះទេ។ គឺស្ងាត់ដូចចោរលួចសេះតែម្តង!
អ្វីដែលលោក ម៉ៃឃើល ផ្លីន បានសារភាពអំពីទំនាក់ទំនងរបស់លោកជាមួយអតីត ឯកអគ្គរដ្ឋទូតរុស្ស៊ី ទាក់ទងនឹងកិច្ចការបោះឆ្នោតប្រធានាធិបតីនៅអាមេរិក គឺដូច គ្នានឹង កឹម សុខា ដែលបានសារភាពថា ខ្លួនរួមនឹងបក្សខ្លួនបានទទួលជំនួយទាំងថវិកា និងបច្ចេកទេសពីសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទៅ តាមទម្រង់បដិវត្តន៍ពណ៌ធ្វើឡើងនៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី។ បទល្មើសនេះធ្ងន់ធ្ងរជាងបទល្មើសរបស់លោក ម៉ៃឃើល ផ្លីន ទៅទៀត។
ចុះហេតុអ្វីបានជាការចោទប្រកាន់របស់អគ្គរដ្ឋអាជ្ញាពិសេសប្រឆាំងនឹងលោក ម៉ៃឃើល ផ្លីន មិនត្រូវបានគេថ្កោលទោសថា ប៉ុនប៉ងផ្តួលរំលំរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកស្លាប់ ឬដើរថយក្រោយ ដូចដែលប្រទេស និងអង្គការសិទ្ធិមនុស្សមួយចំនួនបាន និងកំពុងស្រែកថ្កោលទោសកម្ពុជាយ៉ាងសន្ធាប់ ព្រមទាំងព្រមានដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា?
ហេតុអ្វីបានជាប្រទេសមួយចំនួនមិនព្រមធ្វើសេចក្តីថ្លែងការណ៍ប្រឆាំង នឹងរដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ឬថ្កោលទោសតុលាការអាមេរិកថា អយុត្តិធម៌ ប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ដើម្បីបំបាត់សំឡេងប្រឆាំងទៅ? ហេតុអ្វីបានជា វិល្លៀម ហេដ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលសកម្មក្នុងការរិះគន់រដ្ឋាភិបាលកម្ពុជា និងថ្កោលទោសការអនុវត្តច្បាប់របស់កម្ពុជា ដើម្បីសុខសន្តិភាពប្រឆាំងនឹងការជ្រៀងជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា មិនរិះគន់អគ្គរដ្ឋអាជ្ញាពិសេស ដែលបានចោទប្រកាន់ប្រឆាំងនឹងលោក ម៉ៃឃើល ផ្លីន ផងទៅ?
សំខាន់ជាងនេះហេតុអ្វីបានជាសមាជិកព្រឹទ្ធសភា ចន ម៉ាក់ខេន ដែលបាន និងកំពុងស្វះស្វែងរកវិធានការប្រឆាំងនឹងកម្ពុជាដើម្បីឱ្យ មានការដោះលែង កឹម សុខា កូនជឹងរបស់ខ្លួន និងទាមទារឱ្យមានគណបក្សសង្គ្រោះជាតិរស់ឡើងវិញ មិនព្រមដាក់សំណើដំណោះស្រាយទៅព្រឹទ្ធសភា ដើម្បីថ្កោលទោស នឹងទាមទារឱ្យទម្លាក់បទចោទប្រឆាំងនឹងលោក ម៉ៃឃើល ផ្លីន ផងទៅ?
ចំណែកអង្គការសិទ្ធិមនុស្ស រួមនឹងក្រុមអ្នកវិភាគឯករាជ្យលម្អៀងទៅរកក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលតែងរិះគន់វាយប្រហារថា មិនត្រឹមត្រូវក្នុងការចាប់ខ្លួន កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិដោយសារតែការឃុបឃិតជាមួយបរទេស ហេតុអ្វីមិនព្រមចេញសេចក្តីថ្លែងការណ៍ថ្កោលទោស?
ចុះអ្នកនយោបាយប្រឆាំងនៅឯណា ហេតុអ្វីមិនព្រម ស្រែកថាអយុត្តិធម៌ និងសម្លាប់ប្រជាធិបតេយ្យនៅអាមេរិក? ឬមួយអស់លោកនិងសង្គមស៊ីវិលមួយចំនួន មិនហ៊ានទាមទារដោយសារតែអគ្គរដ្ឋអាជ្ញាអនុវត្តនីតិវិធីត្រឹមត្រូវប្រឆាំង នឹងការឃុបឃិតរបស់លោក ម៉ៃឃើល ផ្លីន ជាមួយបរទេស និងអស់លោកឯកភាពថា អ្វីដែលបានធ្វើ គឺជាចំណាត់ការស្របច្បាប់ដើម្បីការពារសន្តិសុខជាតិ និងប្រឆាំងនឹង ការជ្រៀតជ្រែកណាមួយរបស់បរទេសជាការត្រឹមត្រូវ?
បើមិនធ្វើការថ្កោលទោស មានន័យថា ចំណាត់ការរបស់អគ្គរដ្ឋអាជ្ញាប្រឆាំងនឹងលោក ម៉ៃឃើល ផ្លីន ប្រឆាំងនឹងការជ្រៀតជ្រែករបស់រុស្សីក្នុងកិច្ចការបោះឆ្នោតនៅសហរដ្ឋអាមេរិកគឺជាការត្រឹមត្រូវ ដូច្នេះចំណាត់ការប្រឆាំងនឹងការឃុបឃិតរបស់ កឹម សុខា និងបក្សសង្គ្រោះជាតិជាមួយបរទេសដើម្បីបំផ្ទុះបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីឡើងគ្រប់គ្រង អំណាចតាមបែបមិនប្រជាធិបតេយ្យក៏ជាការត្រឹមត្រូវដែរ។ ចំណាត់ការប្រឆាំងបក្សសង្គ្រោះជាតិគឺជាការចាំបាច់បំផុតដើម្បីទប់ស្កាត់កុំឱ្យផែនការបដិវត្តន៍ពណ៌ បានសម្រេច។ អាមេរិកបានចាត់វិធានការរបស់ខ្លួនប្រឆាំងនឹងជនដែលគេសង្ស័យឃុបឃិតនឹងបរទេស ចំណែកឯកម្ពុជាដែលជារដ្ឋឯករាជ្យ និងអធិបតេយ្យមាន សិទ្ធិពេញលេញ ក្នុងការចាត់វិធានទប់ស្កាត់ និងបង្ក្រាបនូវទង្វើឃុបឃិតជាមួយបរទេស ក្បត់ជាតិនិងក្បត់ប្រជាជនខ្លួន។
ដូច្នេះប្រទេសអង្គការក្រៅរដ្ឋាភិបាល និងស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលបានថ្កោលទោសកម្ពុជា គំរាមសព្វបែបយ៉ាងមកលើកម្ពុជារួមនឹងទង្វើក្បត់ជាតិរបស់អ្នក នយោបាយអង្ករកំប៉ុងមួយចំនួនមាន សម រង្ស៊ី និងកូនស្រី កឹម សុខា ដើរអំពាវនាវឱ្យបរទេសកាត់ជំនួយមកកម្ពុជាឈប់ទិញទំនិញនៅកម្ពុជា និងឈប់វិនិយោគនៅកម្ពុជា ក៏គួរតែចាប់ផ្តើមថ្កោលទោសរដ្ឋអាជ្ញាអាមេរិក និងអំពាវនាវឱ្យអន្តរជាតិដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ច បង្កកទ្រព្យសម្បត្តិរបស់មន្ត្រីអាមេរិកមួយចំនួន មិនផ្តល់ ទិដ្ឋាការឱ្យមន្ត្រីអាមេរិកមួយចំនួនដូចដែលបានធ្វើចំពោះកម្ពុជានាពេលនេះ ដើម្បីរួមគ្នាទាមទារឱ្យលើកលែងការចោទប្រកាន់ប្រឆាំងលើក ម៉ៃឃើល ផ្លីន និងដើម្បីជួយ សង្គ្រោះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅអាមេរិកស្លាប់ ឬដើរថយក្រោយ។
ប៉ុន្តែច្បាស់ណាស់ ពួកគេនឹងមិនអាចធ្វើទៅរួចឡើយ! ពួកគេនឹងមិនហ៊ានក្អក សូម្បីតែបន្តិចជាមួយអាមេរិក។ គេនៅចាំបានថានៅពេលដែលប្រទេសមួយចំនួននៅពិភពអារ៉ាប់រាប់ ទាំងលីប៊ី ស៊ីរី មានការបះបោរផ្ទុះបដិវត្តន៍ពណ៌ នយោបាយនៃបក្សប្រឆាំងរួមនឹងសង្គម ស៊ីវិលនៅកម្ពុជាពិតជាបានចេញសារអបអរសាទរ និងបានអំពាវ<នាវឱ្យប្រជាជនកម្ពុជាក្រោកឈរឡើងដើម្បីធ្វើដូចប្រទេសទាំងនោះថែមទៀតផង។ ប៉ុន្តែបច្ចុប្បន្ន នៅពេលបដិវត្តន៍ពណ៌នៅបណ្តាប្រទេសទាំងនោះបាន បំផ្លិចបំផ្លាញប្រទេស ស្ទើរគ្មានសល់ សម្លាប់មនុស្សរាប់ម៉ឺនសែននាក់ បង្កឱ្យមានជនភៀសខ្លួនរាប់លាននាក់ និងប្រទេសខ្លះបន្តការបំផ្លាញដោយសង្គ្រាមស៊ីវិល អស្ថេរភាព និងការទម្លាក់គ្រាប់បែក កម្ទេចប្រទេសនិងប្រជាជន ទាំងក្រុមអ្នកនយោបាយបក្សប្រឆាំង និងសង្គមស៊ីវិលដែល គាំទ្រយ៉ាងសកម្មលើបដិវត្តន៍ពណ៌នេះ បែរជាស្ងាត់ជ្រាបដូចចោរលួចសេះ សូម្បីតែការថ្កោលទោសអំពីការសម្លាប់មនុស្សការរំលោភសិទ្ធិមនុស្សក៏គ្មានផង!
ដូច្នេះកម្ពុជាមិនចំឡែកឡើយដែលបាន ចាត់ការប្រឆាំង នឹងក្រុមជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមទម្រង់បដិវត្តន៍ពណ៌ ឡើងកាន់អំណាចមិនតាម ប្រជាធិបតេយ្យដូចដែលអាមេរិកបាននិងកំពុងចាត់វិធានការប្រឆាំងនឹងលោក ម៉ៃឃើល ផ្លីន។
អ្វីដែលចៅចាក់ស្មុក បានមើលឃើញនោះគឺថាកម្ពុជាជាប្រទេសមានអធិបតេយ្យភាព និងឯករាជ្យរបស់ខ្លួន ត្រូវបានប្រទេសមហាអំណាចលើលោកនាំគ្នាថ្កោលទោសចំពោះ ចំណាត់ការរបស់កម្ពុជា ដែលគ្រាន់តែការពារខ្លួន ចាប់អ្នកក្បត់ជាតិចង់បំផ្លិចបំផ្លាញប្រទេសតាមរយៈរួមគំនិតជាមួយបរទេសសម្លាប់ខ្មែរ ប៉ុន្តែអ្វីដែលចៅចាក់ស្មុក ក៏ដូចជា ប្រជាពលរដ្ឋខ្មែរទាំងមូល ឈឺចាប់ចុកឈាមនោះគឺ គ្មានប្រទេសណាមួយហ៊ានចេញមុខថ្កោលទោសចំពោះអ្នកក្បត់ជាតិរបស់អាមេរិក ហើយកម្ពុជាមិនអាចនិងរឹតតែ មិនអាចធ្វើលិខិតទាមទារឲ្យដោះលែងអ្នកក្បត់ឲ្យដោះលែងអ្នកក្បត់របស់អាមេរិក ដូចប្រទេសមួយចំនួនធ្វើដាក់កម្ពុជានោះទេ៕
ដោយ៖ ចៅចាក់ស្មុក