Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យសរសើរ! ម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា វេចលុយមួយកេសយ៉ាងធំ ចែកកម្មករជាង៣០០ នាក់ នៅការដ្ឋានរបស់ខ្លួន!

02-12-2017 17:29

(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យកោតសរសើរដល់ទឹកចិត្តម្ចាស់ផលិតកម្មGalaxy លោក ឡេង ណាវ៉ាត់ត្រា ដែលបាននាំយកថវិកា មួយចំនួនធំ ចែកជូនដល់ក្រុមកម្មករប្រមាណជាង៣០០នាក់ នៅក្នុងការដ្ឋានសាងសង់បុរីរបស់ខ្លួន ធ្វើឲ្យកម្មករនៅទីនោះមានភាពរីករាយ និង ភ្ញាក់ផ្អើលជាខ្លាំង។

លោក ឡេង ណាវ៉ាត់ត្រា ដែលត្រូវជាម្ចាស់ផលិតកម្មGalaxy និងជាម្ចាស់បុរីវីឡាកូនកាត់ឡេង ណាវ៉ាត្រា បានអះអាងថា ការនាំយកថវិកាមួយចំនួនធំ ចែកជូនដល់កម្មករនេះ មិនមែនជាការទាក់ទាញចំណាប់អារម្មណ៍ពីមហាជនឡើយ។ ប៉ុន្តែលោកធ្លាប់ឆ្លងកាត់នូវជីវភាពក្រលំបាក ស៊ីឈ្នូលធ្វើជាកម្មករគេនៅឯប្រទេសកូរ៉េ ធ្លាប់ស្គាល់រសជាតិទាំងកម្សត់ ទាំងវេទនា ពេលឃើញកម្មករទាំងនោះនៅការដ្ឋាន ធ្វើឲ្យរូបលោកស្រណោះដល់អតីតកាល ដែលលោកធ្លាប់ធ្វើជាកម្មករសំណង់ ជាកម្មកររោងចក្រ និង ជាកម្មករនៅប្រទេសកូរ៉េ ដូច្នេះទើបរូបលោកសម្រេចចិត្ត វេចថវិកាមួយចំនួនធំ ចែកជូនដល់ក្រុមកម្មករ ជាង៣០០នាក់។

លោកបានសង្គត់យ៉ាងធ្ងន់ថា គោលបំណងរបស់លោក គឺចង់ឃើញក្រុមកម្មករទាំងនោះ មានកម្លាំងចិត្ត តស៊ូ ខិតខំប្រឹងប្រែង បំពេញកិច្ចការងារឲ្យបានល្អ មិនត្រូវបាក់កម្លាំងចិត្ត ទោះបីជាស្ថិតនៅក្រោមស្ថានភាពលំបាកបែបណាក៏ដោយ ត្រូវតស៊ូ ព្រោះវាសនាមនុស្ស មើលមិនឃើញនោះទេ។ ជាក់ស្ដែងដូចជារូបលោកផ្ទាល់ ដោយលោកអាចឈានមកដល់ចំនុចល្អ មានជីវភាពល្អប្រសើរ ក៏ដោយសារការខិតខំប្រឹងប្រែងនេះឯង។

លោក ឡេង ណាវ៉ាត្រា បានប្រាប់ឲ្យដឹងថា «បាទបង.! ពីមុនខ្ញុំមានជីវភាពពិបាកខ្លាំងណាស់ ប៉ុន្តែក្រោយពេលចេញទៅធ្វើការនៅក្នុងប្រទេសកូរ៉េ ទើបលោកអាច រស់ស្រួសហូបឆ្អែតគ្រប់គ្រាន់។ ខ្ញុំតែងតែសន្សំលុយបន្តិចបន្តួច ដែលបានមកពីការធ្វើការនៅឯប្រទេសកូរ៉េយ៉ាងលំបាក មកទិញដីស្រែ ស្ដុកទុក តាំងពីនៅធូរថ្លៃ ទើបធ្វើអោយខ្ញុំចេះតែមានដើមទុន ហើយឈានដល់ពុះឡូតិ៍ដាក់លក់ រហូតចេះតែពង្រីកដើមទុនបានច្រើនបន្តិចៗម្ដង អាចមានក្រុមហ៊ុនសង់ផ្ទះល្វែង និងវីឡាកូនកាត់ដាក់លក់បាន។

ម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត្រា បន្តថា «ខ្ញុំមានគម្រោងសាងសង់ផ្ទះល្វែង និងវីឡាកូនកាត់ចំនួន៣កន្លែង ដោយមិនរាប់បញ្ចូលគម្រោងដីឡូតិផ្សេងៗទេ។ គម្រោងទី១ និងទី២ មានចំនួនរាប់រយល្វែងគឺអស់រលីងហើយបន្តលក់គម្រោងទី៣។ ដោយគម្រោងទី៣ ត្រៀមសាងសង់នៅតាមបណ្ដោយផ្លូវជាតិលេខ៣លើផ្ទៃដីជាង១០ហិកតា បន្តទៀត»៕