(បាត់ដំបង)៖ ទំពាំងស្នងឫស្សី៣៥០នាក់ នៅខេត្តបាត់ដំបង ទទួលបានការអប់រំផ្លូវកាយ និងផ្លូវចិត្ត ពីថ្នាក់ដឹកនាំក្រសួងធម្មការ តាមរយៈកម្មវិធី «ទស្សនាទានព្រះពុទ្ធសាសនា» ដែលរៀបចំឡើងធ្វើ នៅវិទ្យាល័យសម្តេចឪ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃសៅរ ១៤កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ។
នៅក្នុងពិធីនោះ លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាតំណាងលោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ដំណើរជីវិត ដោយមានភាពច្បាស់លាស់ ជ្រើសរើសយកអ្វី ដែលជាចំណុចល្អ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។ លោក ប៉ែន វិបុល បានបន្តថា ដំណើរជីវិតរបស់យើង គឺនៅវែងឆ្ងាយទៅមុខទៀត ដូចនេះ ត្រូវប្រព្រឹត្តខ្លួនឲ្យបានល្អ ដើម្បីអនាគតដ៏ភ្លឺស្វាង។
លោក ប៉ែន វិបុល បានបន្ថែមថា «ក្មួយៗ គឺជាទំពាងស្នងឫស្សីសម្រាប់ប្រទេសជាតិ ហើយក៏ជាក្តីសង្ឃឹមរបស់ប្រទេសជាតិ បើប្អូនៗទាំងអស់គ្នា ខិតខំរៀនសូត្រ និងប្រព្រឹត្តខ្លួនបានល្អ ជៀសឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ នោះ អនាគតរបស់ ប្អូនៗ នឹងភ្លឺស្វាង រុងរឿង ក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិទាំងមូល»។
វាគ្មិនចូលរួមនៅក្នុងកម្មវិធីខាងលើនេះរួមមាន ភិក្ខុអគ្គសរី ឆោម ឆៃអ៊ាង ព្រះគ្រូសូត្រឆ្វេង វត្តពិភិទ្ធារាម, ភិក្ខុសុវណ្ណសារោ ជៀម ជិនសូវាត គង់វត្តពិភិទ្ធារាម, ព្រះមហា គិត សុផល មន្ត្រីនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះសាសនាផ្សារភ្ជាប់សង្គម, លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ តំណាងលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោក ហង សុភីន ប្រធានការិយាល័យគ្រប់គ្រង និងបណ្តុះបណ្តាល, លោក យា យូគួង នាយករងវិទ្យាល័យសម្តេចឪ, លោក សំ រដ្ឋា ប្រធានស្តីទីការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យ, លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យសម្តេចឪ និងសិស្សានុសិស្ស៣៥០នាក់ផងដែរ។
បន្ថែមពីលើនេះលោក ប៉ែន វិបុល ក៏បានលើកឡើងថា ការទទួលបានសុខសន្តិភាព និងមានសេរីភាពពេញបរិបូរណ៍ នាពេលបច្ចុប្បន្ននេះ គឺដោយសារតែប្រទេសជាតិមានសន្តិភាព គ្មានសង្រ្គាម ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទើបប្រជាពលរដ្ឋ និងប្អូនៗ ក្មួយៗ គ្រប់គ្នា មានជីវិតសំបូរសប្បាយរហូតមកដល់សព្វថ្ងៃនេះ។
គួរបញ្ជាក់ថា ការរៀបចំកម្មវិធីអប់រំ ស្តីពីទស្សនាទានព្រះពុទ្ធសាសនា ដឹកនាំដោយ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សហការជាមួយ អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន និងរៀបចំដោយផ្ទាល់ ពី នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម នៃក្រសួងធម្មការ និងសាសនា។
ការបង្កើតកម្មវិធីនេះ ក៏បានធ្វើឡើងឆ្លើយតបទៅ នឹងអនុសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥៕