(ភ្នំពេញ)៖ ថ្លែងចេញពីមុខប្រាសាទអង្គរវត្ត ទីដែលសម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និងសូត្រមន្តនៃពិធីបួងសួងសុំសេចក្តីសុខចម្រើនរុងរឿងដល់ប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសតាមបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងមិនត្រូវបានបិទទេ ក្រោយពីមានការស្រាវជ្រាវឃើញថា មជ្ឈមណ្ឌលនេះមានសកម្មភាពល្អ ជួយលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា៖ «ក្រោយពីទទួលបានសេចក្តីថ្លែងការណ៍ ក៏ដូចជាការស្នើទៅកាន់រដ្ឋាភិបាល អំពីសំណាក់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រដ្ឋាភិបាលសម្រេចរក្សាទុកមជ្ឈមណ្ឌលនេះនៅដដែល ដោយឱ្យស្ថាប័នមួយនេះនៅបន្តបម្រើសកម្មភាពសិទ្ធិមនុស្សនៅកម្ពុជាជាបន្តទៀត ហើយក៏ដូចជាបន្ទាប់ពីការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃឃើញថា មិនមានសកម្មភាពពាក់ព័ន្ធបញ្ហាល្មើសច្បាប់នោះទេ»។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០០២ ក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៕