(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះទៅជួបផ្ទាល់ជាមួយក្រុមកម្មករ-កម្មការិនីរោងចក្រ EVC ម៉េងដាហ្វូតវៀរ ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីពន្យល់ពីទិដ្ឋភាពច្បាប់នានាលើការតវ៉ាបិទផ្លូវ និងស្នើសុំឲ្យក្រុមកម្មករទាំងអស់ បញ្ឈប់ការបិទផ្លូវតទៅទៀត ដោយរង់ចាំក្រុមមន្រ្តីក្រសួងការងារ ចុះមកធ្វើអធិការកិច្ចក្នុងរោងកច្រ នាថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
នៅក្នុងឱកាសជួបជាមួយក្រុមកម្មករ-កម្មការិនីខាងលើនេះ ក៏មានការចូលរួមពីអភិបាលខណ្ឌពោធិ៍សែនជ័យ អធិការខណ្ឌ មន្រ្តីក្រសួងការងារ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា បន្ទាប់ពីទទួលបានព័ត៌មានស្តីពីការតវ៉ា រហូតបិទផ្លូវវេងស្រេងចំនួន២លើក (ពេលព្រឹក និងពេលរសៀល) កាលពីថ្ងៃម្សិលមិញ ពីសំណាក់ក្រុមកម្មករ-កម្មការិនី នៃរោងចក្រ EVC ម៉េងដាហ្វូតវៀរ នាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនោះ នៅព្រឹកមិញវេលាម៉ោងជាង១០ លោកអភិបាលបានអញ្ជើញទៅជួបដោយផ្ទាល់ជាមួយពួកគាត់ ដើម្បីស្នើសុំកុំឲ្យតវ៉ាបិទផ្លូវតទៅទៀត ដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលធ្វើដំណើរតាមផ្លូវមួយនេះ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា «ពេលជួបសំណេះសំណាលជាមួយបងប្អូនក្រុមកម្មករ-កម្មការិនីនោះ លោកអភិបាលបានសួរនាំពីសុខទុក្ខ និងការងារប្រចាំ ហើយបន្ទាប់មកលោកបានពន្យល់ ពីទិដ្ឋភាពច្បាប់ ចំពោះការតវ៉ាបិទផ្លូវ ដែលជាលទ្ធផលក្រុមកម្មករ-កម្មការិនី បានយល់ព្រម មិនចុះផ្លូវតវ៉ាទៀតឡើយ ដោយរង់ចាំការដោះស្រាយបញ្ហាបន្តទៀត នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ពីសំណាក់អាជ្ញាធរ និងមន្រ្តីក្រសួងការងារ ដែលនឹងចុះមកកាន់រោងចក្រនេះ ដើម្បីធ្វើការអធិការកិច្ច»។
សូមបញ្ជាក់ថា កាលពីម្សិលមិញទាំងព្រឹកផង ទាំងរសៀលផង ក្រុមកម្មករ-កម្មការិនីរោងចក្រ EVC ម៉េងដាហ្វូតវៀរជាច្រើននាក់ បាននាំគ្នាចុះផ្លូវតវ៉ា និងបិទជិតតែម្តង ដែលនាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង រហូតកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់បានចុះទៅជួយអន្តរាគមន៍ ដើម្បីបើកផ្លូវឡើងវិញ។
បើតាមសេចក្តីរាយការណ៍ មូលហេតុដែលនាំឲ្យមានការបិទផ្លូវនេះ ដោយសារតែពួកគេតវ៉ាពីលក្ខខណ្ឌការងារមួយ៥ចំណុច ពីថៅកែរោងចក្រ រួមមាន៖ ទី១៖ លុយ៥%, ទី២៖ លុយអតិអភាពការងារ, ទី៣៖ លុយបំណាប់ឆ្នាំ, ទី៤៖ លុយជូនដំណឹង និងទី៥៖ លុយជំងឺចិត្ត៕