(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវេលាម៉ោងជាង៣៖០០រសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ បានកំពុងចូលរួមពិធីក្រុងពាលី នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ជូនដល់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ១៤-១៥កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាននិងកំពុងអញ្ជើញជាអធិបតីភាព ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនប្រទេសជាតិ ដែលប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ហើយពិធីសាសនាដ៏ធំមួយនេះ មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៥០០០អង្គផងដែរ។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃបន្ទាប់ នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញវេរចង្ហាន់ប្រគេនព្រះសង្ឃផ្លូវការ ៧០អង្គ ។ ដោយឡែកពេលរសៀល ក៏មានកម្មវិធីសម្តែងសិល្បៈ រាំរបាំក្បាច់បុរាណ ប្រពៃណី និងចម្រៀងសម័យផងដែរ៕