(កំពង់ចាម)៖ កម្លាំងនគរបាលនៃអធិការដ្ឋានគរបាលស្រុកជើងព្រៃ បានឃាត់ខ្លួនជនជាតិវៀតណាម នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលបានឆ្លងដែនធ្វើដំណើរ និងស្នាក់នៅខុសច្បាប់ នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជនជាតិវៀតណាមដែលបានឃាត់ខ្លួន ក្រោយលួចឆ្លងដែន និងស្នាក់នៅដោយខុសច្បាប់នោះ ឈ្មោះ MAI TRUNG SON អាយុ៣៥ឆ្នាំ ហើយបានឃាត់ខ្លួនពេលដែលកម្លាំងនគរបាលរបស់លោក កំពុងល្បាតក្នុងមូលដ្ឋាន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមរូបនេះ ត្រូវបានបញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍បន្ត៕