(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥(GS5-F9) ស្ថិតនៅភូមិ និងស្កាត់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា មូលហេតុនៃការដាច់អគ្គិសនី ដោយសារតែរថយន្តក្រុមហ៊ុនឯកជនជីកដាក់លូកាយប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងនោះរួមមាន៖ (១)ភូមិត្រពាំងជ្រៃ ភូមិក្បាលដំរី និងភូមិព្រៃសាលា សង្កាត់កាកាប (២)ភូមិព្រៃទា ភូមិជម្ពូវ័ន ភូមិព្រៃជីសាក់ ភូមិព្រៃព្រីងខាងជើង និងភូមិកន្ទោក សង្កាត់ចោមចៅ (៣)ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម (៤)ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាម អគ្គិសនីកម្ពុជា រហូតដល់ម៉ោង១ ៖ ៣០នាទី រសៀល ថ្ងៃនេះក្រុមការងារអគ្គិសនីកម្ពុជា បានតភ្ជាប់ចរន្តនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋ ប្រើប្រាស់អគ្គិសនីបានឡើងវិញហើយ ៕