(សៀមរាប)៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើនដល់ ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី២ ខែធ្នូនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី និងលោកស្រី ដែលជាភរិយាថ្នាក់ដឹកនាំនានាមួយចំនួន បានបន្ត អញ្ជើញទៅគោរពបូជា អុជទៀនធូបថ្វាយផ្កាភ្ញី នៅវិហារ ព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំសេចក្តីសុខចម្រើនសម្រាប់ក្រុមគ្រួសារនិងប្រជាជាតិខ្មែរទាំងប្រទេសផងដែរ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្រគេន បច្ច័យ ទេយ្យទានចំពោះព្រះសង្ឃផងដែរ ព្រះអង្គចេក ព្រះអង្គចម លោកយាយទេព គឺជាបដិមាដ៏សក្តិសិទ្ធិ ដែលប្រជារាស្ត្រខ្មែរ តែងតែមានជំនឿយ៉ាងជ្រាលជ្រៅ នៅពេលបានមកកាន់ទឹកដីខេត្តសៀមរាប ភាគច្រើនតែងតែមកគោរពបូជាអុជទៀនធូប បូជាបច្ច័យ ថ្វាយផ្កាភ្ញី សុំសេចក្តីចម្រើន សុខ តាមសេចក្តីប៉ងប្រាថ្នារៀងៗខ្លួន។
ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តល់កិត្តិយសដល់ភ្ញៀវជាតិ អន្តរជាតិ ថតរូបអនុស្សាវរីយ៍ផងដែរ ៕