(ស្វាយវៀង)៖ អាជ្ញាធរខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំប្រារព្ធមិទ្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ - ២ធ្នូ ២០១៧) ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជាខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មការធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអស់ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការរណសិរ្សខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត គ្រួសារអតីតយុទ្ធជន និងមានគុណបំណាច់ ចំពោះប្រទេសជាតិ ព្រះសង្ឃ សិស្ស និស្សិត គរុសិស្ស លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនកាយរឹទ្ធិ សរុបចំនួន ៨៩៧អង្គ/នាក់។
ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត បានអានសុន្ទរកថា របស់សម្ដេចពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណរិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៩នេះ ដោយបានគូសបញ្ជាក់ ឲ្យឃើញយ៉ាងច្បាស់ថា ថ្ងៃទី២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយ ដ៏សំខាន់បំផុត ចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ព្រោះថាមានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ ដែលរណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាជនឲ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយកត្ដិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ម៉ែន វិបុល បានលើកឡើងទៀតថា ដើម្បីជាសក្ខីភាព នៃការដឹងគុណចំពោះបុព្វការីជន និងរណសិសរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងសមាជិក សមាជិកានៃអង្គមិទ្ទីញទាំងមូល ក៏បានប្តេជ្ញា នឹងបន្តលើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្ត ឲ្យបានកាន់តែជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយវិបុលភាព ចីរភាព និងសមធម៌ ។
សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ១៩៧៨ បច្ចុប្បន្នបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងដោយកម្លាំងមហាសាមគ្គី ប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន សម្តេចធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀត ជាប្រមុខដឹកនាំ ដើម្បីផ្តួលរំលំរបបឃាតក ប៉ុល ពត សង្រ្គោះ រំដោះមាតុភូមិ និងប្រជាជនកម្ពុជាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ និងបានទទួលជ័យជម្នះទាំងស្រុង នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។
នៅចុងបញ្ចប់នៃពិធីនេះ ក៏មានការប្រគល់ថវិកាឧបត្ថម្ភ ជូនគ្រួសារអតីតយុទ្ធជន និងមានគុណបំណាច់ចំពោះប្រទេសជាតិដែលបានចូលរួម ចំនួន ១០នាក់ ក្នុង១នាក់ទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ ៕