(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលសន្និសីទចតុមុខ។
ក្នុងនាមជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាផង សម្តេច ហេង សំរិន បានលើកឡើងថា ស្មារតី២ធ្នូ និងស្មារតី ៧មករា នៅតែបានចារិកជាប់ក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងសាមគ្គី ដ៏ធំធេងក្នុងការបង្កើតឡើង នូវសមិទ្ធផលនានាលើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមពន្លឺនៃសន្តិភាព និងសេរីភាព ព្រះរាជាណាចក្រកម្ពុជាយើង មានការអភិវឌ្ឍលើគ្រប់វិស័យ។
សម្តេចពញាចក្រី បានគូសបញ្ជាក់ថា សមិទ្ធផលធំៗជាច្រើន បាននិងកំពុងរីកស្គុះស្គាយពេញផ្ទៃប្រទេសដែលទាំងនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់ ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ពលរដ្ឋទាំងអស់គ្នា ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំនាពេលប្ចុប្បន្ននេះ។
សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា រយៈពេល៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល តាមរយៈការជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗ និងសំខាន់ៗ ជាប្រវត្តិសាស្រ្ត និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យ សេដ្ឋកិច្ចសង្គម មានការងើបឡើងយ៉ាងឆាប់រហ័ស ដោយរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចថេរជាមធ្យម ក្នុងរង្វង់ ៧ភាគរយ ក្នុង១ឆ្នាំ។ ដោយឡែក ឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនក្នុងរង្វង់ ៧% អត្រា នៃភាពក្រីក្រត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រានៃការអត់ការងារធ្វើ មានចំនួន០,៧%។
សម្តេចបានលើកឡើងថា នៅក្នុងអាណត្តិទី៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្ម នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលជារបៀបវារៈនៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន។ រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ និងសកម្មភាពប្រកបដោយផ្លែផ្កា ក្នុងការអនុវត្តរាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅទាំងឡាយ ដែលកាន់តែពង្រីកបាននូវលក្ខណៈសម្បត្តិអនុគ្រោះថែមទៀត ដល់ការអភិវឌ្ឍលើគ្រប់វិស័យ។
បច្ចុប្បន្ននេះ សង្គមជាតិកម្ពុជាកាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទាំងនេះជាឧត្តមភាព និងជាមូលដ្ឋានគ្រឹះធ្វើឲ្យយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឈានទៅសម្រេចនូវគោលដៅចុងក្រោយ គឺការស្ថាបនាប្រទេសកម្ពុជាមួយប្រកបវឌ្ឍនភាព និងវិបុលភាព ដែលប្រជាជនរស់នៅយ៉ាងសម្បូរសប្បាយ ក្នុងសុខសន្តិភាព សេរីភាព យុត្តិធម៌ និងភាពថ្លៃថ្នូរតរៀងទៅ។
សូមជម្រាបថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលមានឈ្មោះដើមថា «រណសិរ្ស សាមគ្គី សង្រ្គោះជាតិកម្ពុជា» បានចាប់បដិសន្ធិឡើង នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីផ្តួលរំលំរបប ប៉ុលពត ដ៏យង់ឃ្នង រហូតទទួលបានជ័យជំនះ ដ៏ត្រចះត្រចង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបញ្ចប់ទាំងស្រុង នៃការវិលត្រឡប់មកវិញនូវរបបនេះជាលើកទីពីរ៕