(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០១៧ ពោលគឺចាប់ថ្ងៃបើកយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី១ រហូតមកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៃយុទ្ធការប្រឆាំងគ្រឿងញៀនលើកទី២នេះ កម្លាំងមន្រ្ដីអនុវត្តន៍ច្បាប់ បានបង្ក្រាបករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន៧,៥២៣ករណី ឃាត់ខ្លួនមនុស្ស១៦,៤៨៦នាក់ ក្នុងនោះស្រីមានចំនួន១,៤៨២នាក់។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន យុទ្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែល Fresh News ទទួលបាននៅថ្ងៃទី០២ ខែធ្នូនេះបញ្ជាក់ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចអនុវត្តន៍ច្បាប់ បានដកហូតសារធាតុញៀនគ្រប់ប្រភេទ បានចំនួនជាង១៦៦គីឡូក្រាម និង១៣៤១កញ្ចប់ និងដកហូតកញ្ឆាក្រៀមជាង៨៩គីឡូក្រាម និងជាង២៣ម៉ឺនដើម។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមការបង្ក្រាបទាំង៧,៥២៣ករណី នៅរយៈពេល១១ខែ ឆ្នាំ២០១៧នេះ ក្នុងនោះមានករណីប្រើប្រាស់២,៥៩១ករណី ឃាត់ខ្លួន ៧,៦៣៣នាក់ និងករណីជួញដូរ រក្សាទុក កែច្នៃ និងដាំដុះចំនួន៤,៩០៤ករណី ឃាត់ខ្លួន៨,៨៥៣នាក់៕