(ភ្នំពេញ)៖ ក្រុមបេក្ខជនដែលមានគម្រោងលេចធ្លោទាំង១៤ក្រុម នៃកម្មវិធី «ប្រគួតប្រជែង គម្រោង អភិវឌ្ឍសហគមន៍» របស់វីតាល់នៅព្រឹកថ្ងៃទី២ ខែធ្នូ ២០១៧នេះ បានមកជួបជុំគ្នា នៅសណ្ឋាគារ សាន់វេ ដើម្បីធ្វើបទបង្ហាញនូវគម្រោងលម្អិត របស់ខ្លួនជូនទៅគណៈគ្រប់គ្រងរបស់វីតាល់ មុននឹងពួកគេអាចបន្តដំណើរ ទៅវគ្គផ្ដាច់ព្រ័ត្រនៅចុងខែធ្នូ។
ស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វីតាល់បានទទួលបាននូវក្រុមយុវជន១៤ ក្រុមមកពីទូទាំង២៥រាជធានី-ខេត្ត ដែលពួកគេនឹងប្រជែងគ្នា ដោយការធ្វើបទបង្ហាញពីគម្រោងរបស់ខ្លួន មុននឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត ក្លាយជាម្ចាស់ជ័យលាភី ជាទឹកប្រាក់ជាង១០០០ដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរបស់ខ្លួន។ កម្មវិធីនេះមានការចូលរួមពីសំណាក់លោកស្រី ជឹង សុគន្ធាវី អគ្គនាយិការ ក្រុមហ៊ុនវីតាល់ លោកឧកញ៉ា ឡាវ វ៉ាន់ ព្រមទាំងគណៈគ្រប់គ្រងគ្រប់ក្នុងនាមជាអ្នកកាត់ក្តី ជាសក្ខីភាព និងតម្លារភាព ជូនដល់ក្រុមបេក្ខជន។
លោកស្រី ជឹង សុគន្ធាវី អគ្គនាយការ នៃក្រុមហ៊ុន វីតាល់ បានឲ្យដឹងថា ការបង្កើតកម្មវិធី «ប្រកួតប្រជែងគម្រោងយុវជន» នេះឡើងគឺក្នុងគោលបំណងផ្តល់នូវឱកាសមួយ សម្រាប់ យុវជនជំនាន់ថ្មីឲ្យស្វែងយល់ និងយល់ដឹងអំពីតម្លៃ នៃប្រវត្តិសាស្ត្រ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។ យើងបានជ្រើសរើស ខេត្តបាត់ដំបង និងខេត្តសៀមរាប សម្រាប់ការអនុវត្តគម្រោងរបស់យុវជននេះ។ ការផ្តួចផ្តើមនូវគំនិតទាំងនេះ កើតពីការមើល ឃើញនូវទេពកោសល្យ និងភាពច្នៃប្រឌិតខ្ពស់នៃយុវជនមួយចំនួនធំនាពេលបច្ចុប្បន្ន ក៏ដូចជា ផ្តល់បង្អែកមួយដល់យុវជនក្នុងការបញ្ចេញគំនិត និងជំរុញឲ្យក្តីស្រមៃ របស់យុវជនក្លាយជាការពិត។ យើងសង្កេតឃើញថា គម្រោងនីមួយៗ មានភាពទាក់ទាញ និងខុស ប្លែកពីគ្នាទាំងនេះហើយដែលឆ្លុះបញ្ចាំងពី ភាពច្នៃគំនិតស្រឡាញ់វប្បធម៌ និងឆន្ទះរបស់យុវជនប្រកបដោយ ការអនុវត្ត និងការអភិវឌ្ឍ»។
លោកស្រី ក៏បានបន្តថា វីតាល់បានបង្កើតមូលនិធិរបស់ខ្លួន ចាប់តាំងពីថ្ងៃកកើតដំបូង ដែលមានឈ្មោះថា «មូលនិធិ២៥៛ របស់វីតាល់»។ កន្លងមកយើងបានធ្វើការបរិច្ចាគ ជាច្រើនជូនទៅ កុមារកំព្រា កុមារបាត់បង់កាយសម្បទា ជនរងគ្រោះផ្សេងៗជាលក្ខណ:បុគ្គលហើយ ក្នុងនោះផងដែរ យើងក៏បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការបំផុស នូវការផ្តល់ឈាមដោយស្ម័គ្រចិត្ត ការជួយបរិច្ចាគ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមព្រមទាំងបានជួយឧបត្ថម្ភក្នុងគំរោង របស់សិស្សនិស្សិតតាមសាលារៀន និងមហាវិទ្យាល័យនានា ក៏ដូចជា សកម្មភាពសប្បុរសផ្សេងៗជាច្រើនទៀត។
គួររំលឹផងដែរថា «ការប្រកួតប្រជែងគម្រោង អភិវឌ្ឍដើម្បីសហគមន៍» របស់វីតាល់ បានចាប់ផ្តើមទទួលពាក្យចាប់ទីខែតុលា បញ្ចប់ត្រឹមចុងខែវិច្ឆិកាឆ្នាំ២០១៧ ដែលវីតាល់ទទួល បាន ក្រុមបេក្ខជនចំនួន១៤ក្រុម ក្នុងចំណោមក្រុមបេក្ខជនរាប់សិបក្រុមផ្សេងទៀត ក្នុងជុំទីមួយ។ ក្រុមយុវជនដែលជាបេក្ខជន ដែលចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ គឺសុទ្ធសឹងតែជាក្រុមយុវជន ដែលមានបទពិសោធន៍ច្រើនក្នុងការងារសង្គម និងមានទឹកចិត្តមុតមាំ និងក្លាហាន ក្នុងការចូលរួមជាមួយវីតាល់រួមគ្នា ក្នុងការជួយដល់សង្គមជាតិកម្ពុជាទាំងមូល។
ពួកគាត់នឹងត្រូវប្រកួតគ្នាលើសំណុំបែបបទ នៃគម្រោងផ្សេងៗគ្នា ហើយមានតែ៤ក្រុមប៉ុណ្ណោះ ដែល អាចឆ្លង ទៅវគ្គផ្តាច់ព្រ័ត មានឱកាសឈ្នះទឹកប្រាក់រហូតដល់១ពាន់ដុល្លារ ដែលអនុវត្តលើគម្រោង ដែលមានស្រាប់។
វីតាល់សង្ឃឹមថា ការប្រកួតប្រជែងក្នុងកម្មវិធីនេះ នឹងផ្តល់បទពិសោធន៍ ដ៏ល្អ សម្រាប់ក្រុម ប្អូនៗ បេក្ខជន បើទោះជាពួកគាត់មិនបានទទួលជ័យលាភី ប៉ុន្តែពួកគាត់នៅ តែមានឱកាស ក្នុងការទទួលការគាំទ្រវីតាល់ ដើម្បីអនុវត្តន៍គម្រោងរបស់ពួកគេនៅថ្ងៃអនាគត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វីតាល់នៅតែបានដើរតួនាទីយ៉ាងសំខាន់ ក្នុងភាព ជាអ្នកដឹកនាំក្នុងវិស័យផលិតទឹកបរិសុទ្ធក្នុងប្រទេសកម្ពុជា។
មោទនភាពនៃវីតាល់ បានជំរុញ ទឹកចិត្ត អោយផ្តល់នូវគំនិតថ្មីៗជាច្រើនបន្តទៀត ក៏ដូចជា កម្មវិធីប្រកួតប្រជែង និស្សិតក្នុង ខណ:នេះ ដោយពួកយើងទាំងអស់គ្នា ចង់មើលឃើញការប្រកាន់ខ្ជាប់នូវភាពច្នៃប្រឌិត ការអនុវត្តដោយវិជ្ជាជីវៈ និងការប្រកួតប្រជែងប្រកបដោយសមត្ថភាព។ ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៍នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។
ផ្អែកលើកញ្ចប់ថវិការ២៥៛ វីតាល់ ប្តេជ្ញាថា នឹងបន្តចូលរួមបន្ថែមទៀតរាល់សកម្មភាពល្អៗ ក្នុងសង្គមដើម្បីជាសក្ខីភាពនៃ ការចូលរួមរបស់អតិថិជនវីតាល់។ ដូច្នេះហើយគ្រាន់តែ ជាវទឹកវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និង ចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍ សង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕