(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ប្រាប់ថា នៅក្នុងឆ្នាំ២០១៧នេះ មានយានយន្តប្រមាណ៥២ម៉ឺនគ្រឿង បានជាប់កាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ដោយឡែកសម្រាប់ម្ចាស់យានយន្ត ដែលបានបង់ពន្ធរួចរាល់ ក្នុងឆ្នាំ២០១៧នេះ មានចំនួន៤៨២,០៣៨គ្រឿង នៅឡើយតែម្ចាស់យានយន្តចំនួនប្រមាណ៤ម៉ឺនទៀតទេ ដែលមិនទាន់បានបង់ពន្ធមធ្យោបាយដឹកជញ្ជូន នៅកម្ពុជា។
លោក គង់ វិបុល បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះថា «ម្ចាស់យានជំនិះគ្រប់ប្រភេទ ដែលជាប់កាតព្វកិច្ចបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ក្នុងឆ្នាំ២០១៧នេះ នៅមានខ្លះពុំទាន់បំពេញកាតកិច្ច គ្រប់ចំនួននោះទេ។ បើតាមតួលេខមានយានយន្ត៥២ម៉ឺនគ្រឿង ដែលជាប់កាតព្វកិច្ចបង់ពន្ធ ហើយនៅក្នុងទិន្នន័យដែលខ្ញុំមាននោះ គឺមាន៤៨២,០៣៨គ្រឿង បានមកបំពេញកាតព្វកិច្ចបង់ពន្ធមធ្យោបាយដឹកជញ្ជូន នៅឆ្នាំ២០១៧នេះ នៅមានម្ចាស់យានយន្ត ត្រូវបង់ពន្ធមួយចំនួនទៀត មិនទាន់បានមកបំពេញកាតព្វកិច្ចនៅឡើយទេ តែចំនួននេះបើធ្វើការប្រៀបធៀប រវាងឆ្នាំមុនគឺមានការកើនឡើង»។
លោកបានបន្តថា នៅជារៀងរាល់ឆ្នាំ អគ្គនាយពន្ធដារបានកំណត់យក ថ្ងៃទី៣០ ខែវិច្ឆិកា ដែលច្បាប់បានចេញជាធរមាន ចាត់ទុកជាថ្ងៃផុតឱសានវាទ នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ក្នុងករណីណាដែលម្ចាស់យានយន្ត មានកាតព្វកិច្ចជាប់បង់ពន្ធ មិនបានបង់ឲ្យទាន់វេលានោះ ក្រសួងនៅតែបន្តបើកទទួលការបង់ពន្ធ នៅតាមសាខាពន្ធដារ និងធនាគារដែលសហការជាមួយអគ្គនាយកពន្ធដារ ឲ្យទទួលការបង់ពន្ធធម្មតា ក៏ប៉ុន្តែអគ្គនាយពន្ធដារ នឹងធ្វើការផាកពិន័យដល់ម្ចាស់យានយន្ត ដែលមិន បានបង់ពន្ធឲ្យទាន់ពេលវេលា ដូចដែលច្បាប់បានចេញជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចជាពិសេស នគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យក្នុងខែមករា ឆ្នាំ២០១៨ខាងមុខនេះ ការអនុវត្តប្រមូលពន្ធនេះ តាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧៕