(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះបញ្ជី ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ទូទាំងប្រទេសប្រមាណជាជាង ៤៣,០០០នាក់ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល។
តាមការលើកឡើងរបស់លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៧ នេះ ប.ស.ស នៃក្រសួងការងារ បានបើកយុទ្ធនាការចុះបញ្ជីចំនួន ៦ខណ្ឌ និងសប្តាហ៍ក្រោយនឹងបន្តចុះបញ្ជី ៦ខណ្ឌទៀត នៅក្នុងរាជធានីភ្នំពេញ។
បន្ទាប់មកទៀត បន្តចុះបញ្ជី ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ នៅតាមបណ្តាខេត្តទាំង ២៤ទៀត ធ្វើយ៉ាងណា ឱ្យចប់សព្វគ្រប់ត្រឹមឆ្នាំ២០១៧។
តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឱ្យក្រសួងការងារ ចុះបញ្ជី៖
១ កីឡាករ កីឡាការិនី ប្រមាណជាជាង ១,០០០នាក់
២ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ប្រមាណជា ៤៣,០០០នាក់ និង
៣ កម្មករក្រៅប្រព័ន្ធរួមមាន៖
សមាគមន៍អ្នករត់ម៉ូតូឌុប សមាគមន៍អ្នករត់កង់បី សមាគមន៍អ្នកបើកបររថយន្តដឹកកកម្មករជាដើម។
តាមការបញ្ជាក់របស់លោក ជាវ ប៊ុនរិទ្ធ បានឱ្យដឹងទៀតថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ បងប្អូនដែលមានបណ្ណមូលនិធិសមធម៌សុខាភិបាល នឹងអាចទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនបង់ថ្លៃ។
ជាពិសេសជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភគោលរបបជាសាច់ប្រាក់សុទ្ធដល់កម្មករក្នុង និងក្រៅប្រព័ន្ធនៅពេលសម្រាលកូន៖
- សម្រាលបានកូន ១នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៤០ម៉ឺនរៀល
- សម្រាលបានកូនភ្លោះ ២នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៨០ម៉ឺនរៀល និង
- សម្រាលបានកូនភ្លោះ ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន១លាន ២០ម៉ឺនរៀល
កូនភ្លោះ ៣ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ។ គោលរបបឧបត្ថម្ភខាងលើនេះ ទោះសម្រាលមកស្លាប់ក៏ទទួលបានដែរ៕