(សៀមរាប)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានកៀងគរដៃគូរពាក់ព័ន្ធ សហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី ការអភិវឌ្ឍវិស័យ កសិ-ពាណិជ្ជកម្ម និងការកសាងទំនុកចិត្តលើផលិតផលខ្មែរ អមដោយការបង្ហាញផលិតផលបន្លែ ផ្លែឈើខ្មែរ និងផលិតផលកែឆ្នៃដទៃទៀត នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នាក្រុងសៀមរាប។
សិក្ខាសាលានេះ ស្របពេលដែលក្រសួងពាណិជ្ជកម្ម កំពុងរៀបចំវេទិកាថ្នាក់ជាតិលើកទី៥ ស្ដីពី ជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្ម អមដោយការបង្ហាញ ផលិតផលបន្លែ ផ្លែឈើខ្មែរ និងផលិតផលកៃឆ្នៃដទៃទៀត ដែលនឹងត្រូវបើកសម្ពោធនៅរសៀលថ្ងៃដដែលនេះ ។
ពិធីនេះ គឺស្ថិតក្នុងអធិបតីរបស់លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ទៀ សីហា អភិបាលរងខេត្តសៀមរាប រួមនិងវត្តមានចូលរួមពីព្រះសង្ឃ ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ កសិករ ផលិតករ ពាណិជ្ជករ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដែលជាដៃគូរអភិវឌ្ឍន៍នានា សរុបប្រមាណជាង ២០០រូប។
ក្នុងនាមអាជ្ញាធរខេត្ត លោក ទៀ សីហា បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះថា ដោយខេត្តសៀមរាប មានសក្តានុពលលើវិស័យសំខាន់ៗ ចំនួនពីរ រួមមាន ៖ វិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលបច្ចុប្បន្នមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាប ប្រមាណជាតិ ៥លាននាក់ ក្នុងមួយឆ្នាំៗ។
លោកបន្ដថា «ចំពោះវិស័យកសិកម្មវិញ ខេត្តក៏មានផលិតផលសំខាន់ៗ ដូចជា៖ ស្រូវ ដំឡូងមី សណ្ដែកបាយ កៅស៊ូ សិប្បកម្មក្រពើ ផលិតផលកែឆ្នៃ ជាដើម។ ក្រៅពីផលិតផល កសិ-ឧស្សហកម្ម ក៏មានដំណាំរួមផ្សំជាច្រើន ដូចជា ៖ បន្លែ ផ្លែឈើ រួមទាំងការចិញ្ចឹមសត្វជាដើម។ ហើយបច្ចុប្បន្នផលិតផលទាំងនេះ កសិករយើងផលិតបានប្រកបដោយគុណភាព សោភ័ណ្ឌភាព និងការផ្គត់ផ្គង់បានល្អប្រសើរផងដែរ»។
លោកបានមានក្ដីសង្ឃឹមយ៉ាងមុតម៉ាំថា សិក្ខាសាលាដែលមានការចូលរួមពីវិស័យរដ្ឋ ឯកជន សមាគម អង្គការ តំណាងសណ្ឋាគារ ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ និងម្ចាស់ ផលិតផលនាពេលនេះ នឹងផ្ដល់លទ្ធភាពកាន់តែប្រសើរដល់គ្រប់ភាគីទាំងអស់ផងដែរ។ ហើយបានចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធ សាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកត្ដិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
លោក ម៉ៅ ថូរ៉ា បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះថា «សិក្ខាសាលានេះ បានបង្ហាញពីភាពប្រទាក់ក្រឡា ការយកចិត្តទុកដាក់ និងភាពទទួលខុសត្រូវ របស់ភ្នាក់ងារពាក់ព័ន្ធ សេដ្ឋកិច្ចទាំងអស់ ក្នុងការជំរុញ និងលើកកម្ពស់វិស័យឯកជន តាំងពីថ្នាក់បជ្ឈឹមរហូតដល់ថ្នាក់មូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួយ និងផ្ដល់ឱកាសដល់ពួកគាត់ បានចូលរួមក្នុងគ្រប់ សកម្មភាពសេដ្ឋកិច្ច ក្នុងសង្គមជាតិទាំងមូល»។
លោកបានបន្ថែមថា ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជួយដល់វិស័យឯកជន ដើម្បីឲ្យទំនិញ និងសេវាកម្មរបស់ កម្ពុជា អាចមានលទ្ធភាពចូលរួមប្រកួតប្រជែង នៅលើទីផ្សារជាតិ និងអន្តរជាតិបាន។
លោកបន្ដថា គោលនយោបាយជាយុទ្ធសាស្ត្រនេះ បានដាក់ចេញ គឺដើម្បីទាក់ទាញវិនិយោគ និងជួយសម្របសម្រួលដល់ការ ធ្វើពាណិជ្ជកម្មនៅកម្ពុជា កាន់តែមានប្រសើរឡើង និង ប្រកបដោយនិរន្តរភាព។ ហើយការដាក់ចេញនូវគោលនយោបាយ លើកស្ទួយផលិតផលខ្មែរ ឲ្យមានលទ្ធភាពអាចប្រកួតប្រជែង បានជាមួយផលិតផលបរទេស តាមបទដ្ឋានបច្ចេកទេស និងមានសុវត្ថិភាពផងដែរ៕