(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហាញពីស្មារតីប្ដេជ្ញាថា បន្ទាប់ដង្ហែនាំយកគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ ដែលជារតនវត្ថុខ្មែរនាសម័យអង្គរ ពីចក្រភពអង់គ្លេសមកដល់កម្ពុជានេះតទៅ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងតាមស្រែងរក និងនាំត្រឡប់មកវិញនូវកេរមរតកបុព្វបុរសខ្មែរ មកមាតុប្រទេសវិញជាបន្តបន្ទាប់ឲ្យទាល់តែបាន។
ការប្ដេជ្ញាយ៉ាងក្លៀវក្លានេះ ត្រូវបានបញ្ជាក់ឡើងក្នុងឱកាសផ្ដល់បទសម្ភាសន៍នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកប្រធាន ស.ស.យ..ក រួមជាមួយគណៈប្រតិភូ មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននាំគ្រឿងអលង្ការមាសខ្មែរបុរាណខាងលើ មកដល់ដល់ប្រទេសដើមវិញភ្លាមៗ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧។
ចៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក ហ៊ុន ម៉ានី បានរៀបរាប់ថា «ក្រោយទទួលដំណឹងពីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងឡុងដ៍អំពីព័ត៌មានថា គ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ខ្មែរសម័យអង្គរ ត្រូវបានគេដាក់ដេញថ្លៃលក់នៅទីក្រុងឡុងដ៍រួចមក រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស បានស្វះស្វែងទំនាក់ទំនងធ្វើយ៉ាងណា ដើម្បីប្រមូលយកគ្រឿងអលង្ការទាំងនោះមកវិញ តាំងពីពេលនោះមក រាជរដ្ឋាភិបាលបានខំប្រឹងធ្វើការងារ ខំប្រឹងទំនាក់ទំនងដើម្បីដង្ហែនាំរតនវត្ថុមិនអាចកាត់ថ្លៃបានទាំងនោះមកមាតុប្រទេសកម្ពុជាវិញ រហូតបានដង្ហែនាំមកដល់កម្ពុជា នាថ្ងៃនេះ ប្រកបដោយជោគជ័យ និងមានសុវត្ថិភាពពីការចេញដំណើរនៅទីក្រុងឡុងដ៍មក»។
លោកក៏មិនភ្លេចថ្លែងអំណរព្រះគុណ និងអំណរគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរ ដែលបានព្រះរាជអនុញ្ញាត និងអនុញ្ញាតឲ្យលោក និងគណៈប្រតិភូបានខិតខំដង្ហែនាំកេរមរតកដូនតាខ្មែរមកវិញ។
មិនតែប៉ុណ្ណោះ លោក ហ៊ុន ម៉ានី បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងតាមស្រែងរក និងនាំត្រឡប់មកវិញនូវរតនសម្បត្តិ កេរមរតកបុព្វបុរសខ្មែរ មកមាតុប្រទេសវិញជាបន្តបន្ទាប់ឲ្យទាល់តែបាន បន្ទាប់អមដង្ហែនាំយកគ្រឿងអលង្ការមាសពីចក្រភពអង់គ្លេសមកដល់កម្ពុជានេះតទៅ។
សូមជម្រាបថា គ្រឿងអលង្ការមាសសម្រាប់លម្អលើរូបចម្លាក់ខ្មែរ នាសម័យអង្គរ ដែលទាមទារបានដោយជោគជ័យយកមកវិញនេះ មានចំនួន១០គ្រឿង ហើយត្រូវបានក្រុមអ្នកជំនាញបុរាណវត្ថុជាតិ និងអន្តរជាតិចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិដ៏វិសេសវិសាល និងពុំអាចកាត់ថ្លៃបាន។ សម្បត្តិទាំងនេះជាផ្នែកមួយនៃដួងព្រលឹងរបស់បុព្វបុរសខ្មែរ ដែលស្ថិតនៅទូទាំងពិភពលោក ហើយត្រូវបាននាំត្រឡប់កាន់មាតុភូមិវិញជាបន្តបន្ទាប់ ក្នុងសម័យកាលដែលជាតិកម្ពុជាបានទទួលសុខសន្តិភាពពេញបរិបូរណ៍៕