(សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអែរ (Cambodia Angkor Air) បានអនុវត្តន៍ការត្រួតពិនិត្យ និងថែទាំយន្ដហោះជាលើកដំបូង នៅឯព្រលានយន្ដហោះអន្តរជាតិសៀមរាប ដោយមានការចូលរួមពីវិស្វករខ្មែរ ដែលបានទទួលការបណ្ដុះបណ្ដាល ពីក្រុមហ៊ុនវៀតណាមអ៊ែរឡាញ (VNA) និង ក្រុមហ៊ុនវិស្វករ អ៊ែរឡាញ វៀតណាម (VAECO)។
ក្រុមវិស្វករខ្មែររបស់ក្រុមហ៊ុន Angkor Air បានធ្វើការត្រួតពិនិត្យបច្ចេកទេស ការថែទាំយន្ដហោះ និងសកម្មភាពសេវាបច្ចេកទេស សម្រាប់ការហោះហើរក្នុងស្រុក និងអន្តរជាតិ។
រាល់ការហោះហើរ គឺខាងក្រុមហ៊ុនមានកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ រាល់ការពិនិត្យបច្ចេកទេស ថែទាំ និងជួសជុលខ្នាតធំ ក្រុមហ៊ុនបានយកសេវាថែទាំពីប្រទេសក្រៅមក តែសម្រាប់បច្ចុប្បន្នកម្ពុជា ក៏មានវិស្វករដែលទទួលបានការបណ្ដុះបណ្ដាល និងការផ្ទេរនូវបច្ចេកវិទ្យា ពីក្រុមហ៊ុនវៀតណាមអ៊ែរឡាញ VNA /VAECO ។
តំណាងក្រុមហ៊ុន Angkor Air បានថ្លែងថា ទាំងការចាប់ផ្ដើម និងការហោះហើរលើអាកាស រួមនិងអ្នកបើកបរ បច្ចេកទេស ការត្រួតពិនិត្យបញ្ជាការហោះហើរ ពាណិជ្ជកម្ម សេវាកម្មអាកាសចរណ៍ គឺមានការគាំទ្រពេញលេញពី VNA/VAECO នៅគ្រប់ដំណាក់កាលនៃការវិវឌ្ឍន៍រីកចម្រើន និងពីមួយជំហានទៅមួយជំហាន ខាងក្រុមហ៊ុនបានផ្ដល់ការហ្វឹកហ្វឺន តាមដំណាក់កាល ដោយមានរចនាសម្ព័ន្ធ និងយន្ដការ ក្នុងការជជែកពិភាក្សាឆ្ពោះទៅ រកការរីកចម្រើន ការបង្ហាត់បង្រៀន ផ្ទេរនូវចំណេះដឹង និងបច្ចេកវិទ្យាដល់គ្នាទៅវិញទៅមក ។
តំណាងដដែលរូបនោះបានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Angkor Air មិនត្រឹមតែបានហោះហើរ ដោយនាំទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ភ្ជាប់ទៅជាមួយប៉ុណ្ណោះទេ វាថែមទាំងបានរួមចំណែក ឲ្យមានកំណើននៃសេដ្ឋកិច្ចជាតិផងដែរ។ ហើយក្រុមហ៊ុននេះ គឺជាភាគហ៊ុនរបស់ រដ្ឋាភិបាលកម្ពុជាដែលមានភាគហ៊ុនចំនួន (៥១%) និងក្រុមហ៊ុន អ៊ែរឡាញរបស់វៀតណាមមានចំនួន (៤៩%)។
សូមបញ្ជាក់ថា ចាប់តាំងពីការបង្កើតឡើង នៃក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Angkor Air កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩កន្លងទៅនោះ គឺបាននាំមកនូវកំណើនសេដ្ឋកិច្ចជាតិជាច្រើនផងដែរ៕